កម្ពុជាចង់ឱ្យចិនបង្កើនការវិនិយោគលើការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា
កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តន៍ បានជួបពិភាក្សាការងារជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងបានជំរុញភាគីចិនឱ្យបង្កើនការវិនិយោគលើវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា។
លោក ហែម វណ្ណឌី បានលើកទឹកចិត្តដល់វិនិយោគិនចិនបន្ត និងបង្កើនការវិនិយោគលើការអភិវឌ្ឍវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវនិរន្តភាពសេដ្ឋកិច្ច។
លោកបានមានប្រសាសន៍ថា កម្ពុជា-ចិនមានទំនាក់ទំនងមិត្តភាពដ៏រឹងមាំនិងយូរអង្វែង ហើយការអភិវឌ្ឍឧស្សាហកម្មនិងបច្ចេកវិទ្យា គឺជាចន្ទល់សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។
លោកលើកឡើងថា ការវិនិយោគដែលមានប្រភពទុនពីប្រទេសចិនក្នុងវិស័យកម្មន្តសាលឈរលំដាប់ទី១នៅកម្ពុជា ហើយវិស័យនេះនឹងបន្តនាំមុខសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។ ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមិត្តចិនពិតជាមានសារៈសំខាន់ ជាពិសេសក្នុងការបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់របស់ទីផ្សារ។
លោក វ៉ាង វិនពីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងបានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកបានស្នើឱ្យគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ដែលរដ្ឋាភិបាលចិននឹងរៀបចំនាពេលខាងមុខ រួមទាំងកិច្ចប្រជុំច្រករបៀងនវានុវត្តន៍ មេគង្គ-ឡានឆាង និងសន្និសីទបញ្ញាសប្បនិម្មិត (AI) នៅក្នុងឆ្នាំ២០២៥ផងដែរ។
លោក ហែម វណ្ណឌី និងលោក វ៉ាង វិនពីន ក៏បានពិភាក្សាលើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្នុងការជំរុញកំណើនរបស់កម្ពុជា ដោយលោកបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់មួយចំនួន ដូចជាស្តង់ដានីយកម្ម មាត្រាសាស្ត្រ សេវាមន្ទីរពិសោធន៍ និង សេវាទឹកស្អាត៕
评论被关闭。