ក្នុងខែតុលា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងចំនួន ៣១ មានទុនវិនិយោគសរុបប្រមាណ ២២៦ លានដុល្លារ

គម្រោង​វិនិយោគ​ចំនួន ៣១ ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ២២៦ លាន​ដុល្លារអាម៉េរិក ត្រូវបាន​អនុម័ត​ដោយក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុងខែតុលា ឆ្នាំ២០២៤។ នេះបើយោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ CDC ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២៤ CDC បានអនុម័ត​គម្រោង​ថ្មី​ចំនួន ៣០ គម្រោង​និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ១ គម្រោង ដែលមាន​ទុនវិនិយោគសរុប​ប្រមាណ ២២៦លានដុល្លារ ក្នុងនោះ​ទុនវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ចំនួន ២១១ ០៧០ ៧៣៧ ដុល្លារ និងទុនវិនិយោគ​លើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធនិងវិស័យ​ផ្សេងៗ​ចំនួន ១៥ លានដុល្លារ និងអាច​បង្កើត​ការងារ​បានប្រមាណ ១៦ ០០០ កន្លែង។

ក្នុងចំណោម​គម្រោង​វិនិយោគ​សរុប គម្រោង​វិនិយោគ​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រៅតំបន់​សេដ្ឋកិច្ច​ពិសេស​មានចំនួន ២១ គម្រោង និង​គម្រោង​វិនិយោគ​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​មានចំនួន ១០ គម្រោង។ ជាការ​កត់សម្គាល់ គម្រោង​វិនិយោគ​ទាំង ៣១ មានគម្រោង​វិនិយោគ​ក្នុងវិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ចំនួន ១ គម្រោង បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង កាបូប គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ សម្ភារៈ​បរិក្ខារ​សម្រាប់​បោះតង់ គ្រឿងសង្ហារឹម គ្រឿងតុបតែង​លម្អ និង គម្រោង​ផ្សេងៗទៀត។

សម្រាប់​ក្នុងខែតុលា ឆ្នាំ២០២៤នេះ ការវិនិយោគ​មកពី​ប្រទេស​ចិន​ស្ថិតនៅ​លំដាប់​លេខរៀង​ទី១ ដោយបាន​រួមចំណែក ៥៣,៣៩% នៃទុនវិនិយោគ​សរុប ខណៈពេល​ដែលការ​វិនិយោគ​ក្នុងស្រុក​គ្របដណ្តប់ ២៩,៤៧% នៃទុនវិនិយោគ​សរុប បន្ទាប់មក​គឺប្រទេស​សិង្ហបុរី ១២,១៣% កោះ Samoa ២,៧% និងប្រទេស​វៀតណាម ២,៣២%៕

你可能还喜欢

评论被关闭。