កម្ពុជា-ឥណ្ឌូណេស៊ីរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោក ហួត ហាក់ បានទទួលជួបពិភាក្សាការងារជាមួយលោក សាន់តូ ជាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។ ភាគីទាំងពីរបានឯកភាពពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ បន្ទាប់ពីការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍កម្ពុជានិងក្រសួងទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
នៅក្នុងជំនួបនោះ លោក ហួត ហាក់ និងលោក សាន់តូ ជាម៉ូស៊ូម៉ាតូ ក៏បានផ្លាស់ប្តូរកិច្ចពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការសហការកន្លងមកបានយ៉ាងល្អប្រសើរក្នុងវិស័យទេសចរណ៍រវាងប្រទេសកម្ពុជានិងសាធារណរដ្ឋឥណ្ឌូណេស៊ី។ ជំនួបទ្វេភាគីនេះសម្រេចបានលទ្ធផលដូចខាងក្រោម៖
១) ឯកភាពពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឥណ្ឌូណេស៊ី ស្របតាមស្មារតីនៃអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឥណ្ឌូណេស៊ី។
២) ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការទេសចរណ៍មូស្លីម (Muslim Friendly Tourism)។
៣) សហការរួមគ្នាជំរុញក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី បង្កើតជើងហោះហើរត្រង់រវាងកោះបាលីនិងខេត្តសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងពីរប្រទេសនិងភ្ញៀវទេសចរ។
៤) ពិនិត្យលទ្ធភាពរៀបចំទស្សនកិច្ចការងារ ដកស្រង់បទពិសោធន៍រវាងរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជានិងរដ្ឋមន្រ្តីក្រសួងទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី រួមទាំងការរៀបចំការធ្វើ FAM Trip ដោយមានការចូលរួមពីផ្នែកឯកជននៃប្រទេសទាំងពីរ ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ច។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៤,២៩ លាននាក់ កើនឡើង ២២,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ក្នុងនោះ ទេសចរឥណ្ឌូណេស៊ីមានចំនួន ១២៣ ៤៣៧ នាក់ កើនឡើង ៣២,៩%៕
评论被关闭。