សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងពិសាបាយសាមគ្គី ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាជាង ២០០០ នាក់

នៅព្រឹក​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានជួបសំណេះសំណាល​និង​ពិសា​បាយសាមគ្គី​ជាមួយ​សមាជិក​គណបក្ស​ថ្មី អតីតមន្ត្រី​ ថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្ស​នយោបាយ​នានា ចំនួន ២ ៣៦៥ នាក់ នៅសាលប្រជុំ​វិមាន ៧ មករា ស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជនកម្ពុជា។

នៅក្នុង​ឱកាស​សំណេះសំណាល​នេះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរ​និង​ស្វាគមន៍​ចំពោះ​សមាជិកថ្មី​ដែលជា​អតីត​មន្ត្រី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​នានា​ ដែលបាន​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ​ក្នុងការ​ចូលមក​រួមរស់​ជាមួយ​នឹងគណបក្ស​ប្រជាជន​កម្ពុជា​នៅពេលនេះ។

សម្តេចតេជោ​បានផ្តល់​នូវអនុសាសន៍​សំខាន់ៗ​ដែលជា​គោលដៅ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។ ក្នុងនោះ ចំពោះគោលដៅ​រយៈពេល​វែង៖

ទី១ គឺយើងត្រូវ​រក្សា​ឱ្យបាន​នូវកត្តា​សន្តិភាព ពីព្រោះ​សន្តិភាព​គឺជា​កត្តា​សំខាន់ មិនថា​ប្រទេស​ណានោះទេ​ តែងតែ​ត្រូវការ​សន្តិភាព បើគ្មាន​សន្តិភាព​គឺមិនមាន​ការអភិវឌ្ឍ​អ្វីឡើយ។

ទី២ ត្រូវខិតខំ​ដើម្បី​នាំប្រទេស​មួយនេះ​ឱ្យចាកចេញ​ពីប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​នៅត្រឹម​ឆ្នាំ២០២៩។

ទី៣ ត្រូវខិតខំ​ជំរុញ​ប្រទេស​មួយនេះ​ឱ្យក្លាយ​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ២០៣០ ជាគោលដៅ​ដែលយើង​បានកំណត់​តាំងពី​ដំបូងនោះ។

ទី៤ ខិតខំ​សម្រេច​ឱ្យបាន​ជាប្រទស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០។

ចំពោះ​គោលដៅ​រយៈពេល​ខ្លីនិងមធ្យម​៖

ទី១ ត្រូវរួមគ្នា​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​ឱ្យបាន​ល្អប្រសើរ។

ទី២ រក្សានូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​និង​ទប់ស្កាត់​អតិផរណា។

ទី៣ ខិតខំ​រួមគ្នា​វិលទៅរក​កំណើន​សេដ្ឋកិច្ច​ដូចមុន​កូវីដ​១៩ ក្នុង​រង្វង់៧%។

ទី៤ ប្តេជ្ញា​កំចាត់ចោល​ក្រុមបដិវត្តន៍​ពណ៍​ដែលមាន​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ក្រៅប្រព័ន្ធ​រដ្ឋធម្មនុញ្ញ​និង​ក្រោមប្រព័ន្ធ​ប្រជាធិបតេយ្យ។

ជាថ្មី​ម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានថ្លែង​អំណរគុណ​ចំពោះ​បងប្អូន​សមាជិក​ថ្មី​ទាំងអស់​ ដែលបាន​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ​ក្នុងការ​មករួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រួមគ្នា​បន្ត​ការងារ​ជាតិមាតុភូមិ​ ជាពិសេស​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​ឱ្យកាន់តែ​រីកចម្រើន​តទៅ​មុខទៀត។

យោងតាម​របាយការណ៍​របស់​លោក យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្តេចតេជោ ហ៊ុន សែន និង​ជាប្រធាន​ក្រុមការងារ​កសាង​ចលនា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មូលដ្ឋាន​រាជធានី-ខេត្ត បានឱ្យ​ដឹងថា ចាប់តាំងពី​ក្រុមការងារ​ចលនា​កសាង​សមាជិកបក្ស​នៅមូលដ្ឋាន​រាជធានី​-ខេត្ត បានបង្កើត​ឡើង​នាថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ ២០២៤មក ក្រុមការងារ​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​បក្ស​រាជធានី​-ខេត្ត និង​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​តាមបណ្តា​រាជធានី​-ខេត្ត គឺចលនា​កសាង​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​និង​បក្សនយោបាយ​ផ្សេងៗ បានចំនួន ១៤ ៥៣៩ នាក់ ក្នុងនោះ​មានថ្នាក់​រាជធានី​និង​ថ្នាក់ខេត្ត​ចំនួន ៧៧៤ នាក់ ថ្នាក់​ក្រុង-ស្រុក-ខណ្ឌ​ចំនួន ១ ៥៩១ នាក់ ថ្នាក់ឃុំ-សង្កាត់ ចំនួន ១២ ១៧៤ នាក់៕

你可能还喜欢

评论被关闭。