ក្រុមហ៊ុនចិនជាច្រើនចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា តាមរយៈជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត

ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ (GMS) លើកទី៨ នៅទីក្រុង​គុនមិញ ខេត្តយូណាន ប្រទេសចិន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បានឆ្លៀតពេល​ជួបសំណេះសំណាល​និង​ពិភាក្សា​ការងារ​ជាមួយ​បណ្តាថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចិន​ជាច្រើន ហើយក្រុមហ៊ុន​ទាំងនោះ​សុទ្ធតែ​បានបង្ហាញ​នូវសុទិដ្ឋិនិយម​ចំពោះ​ការវិនិយោគ​នៅកម្ពុជា។

  • ​ក្រុមហ៊ុន Zhengzhou Chen’s Sun របស់ចិន បានបង្ហាញ​ពីបំណង​ចង់បោះទុន​វិនិយោគ​លើវិស័យ​ឧស្សាហកម្ម​ផ្លែឈើ​នៅ​កម្ពុជា ជាពិសេស​គឺដំណាំ​ទុរេន ដើម្បី​ជាការ​ចូលចំណែក​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ។
  • ក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd., បង្ហាញ​ចំណាប់​អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើការ​បង្កើត​រោងចក្រ​ផលិត​សម្លៀកបំពាក់​ស្ត្រី​និង​កុមារ​នៅកម្ពុជា។
  • ក្រុមហ៊ុន Zhongjiao Tongli បានបង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​លើវិស័យ​កសិកម្ម​ក្នុងខេត្តរតនគិរី​និង​ខេត្តមណ្ឌលគិរី​បន្ថែមទៀត ខណៈដែល​ក្រុមហ៊ុន​នេះបាននិង​កំពុងតែ​វិនិយោគ​លើវិស័យ​កសិកម្ម​ មានដូចជា​ដំណាំចេក​និងស្វាយនៅតាម​ខេត្តរតនគិរី មណ្ឌលគិរី និង ខេត្តស្ទឹងត្រែង។
  • ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោង​ពង្រីក​ការវិនិយោគ​លើដំណាំ​ដំឡូងមី​និង​ស្វាយចន្ទី និងដំឡើង​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា។
  • ក្រុមហ៊ុន Guoxing Group នឹងពិនិត្យ​លទ្ធភាព​នៅក្នុង​ការវិនិយោគ​វិស័យ​កសិកម្ម​ ដោយផ្តោតលើ​ការផលិត​ជីធម្មជាតិ ដើម្បី​ពង្រឹង​គុណភាព​ដីនិង​ជំរុញ​ផលិតភាព​ផលិតផល​កសិកម្ម​ ខណៈដែល​ក្រុមហ៊ុន​នេះ​បាននិងកំពុងតែ​វិនិយោគ​លើសួន​ឧស្សាហកម្មនៅកម្ពុជា។
  • ក្រុមហ៊ុន Sailun Group បានបង្ហាញពី​បំណង​ក្នុងការ​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា​លើឧស្សាហកម្ម​​កែច្នៃ​​កៅស៊ូ ដើម្បី​ផលិត​ចេញជា​ផលិតផល​ផ្សេងៗ ដែលមាន​ដូចជា​សម្បកកង់​រថយន្ត​ជាដើម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​និង​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ព្រមទាំង​ការបង្កើត​សួនឧស្សាហកម្ម​សម្រាប់​​ខ្សែ​ច្រវាក់​​ផលិតកម្ម​​នៃ​ឧស្សាហកម្ម​​កែច្នៃ​​កៅស៊ូ​ ក៏ដូចជា​សមត្ថភាព​ផលិត​របស់​ក្រុមហ៊ុន​នៅក្នុង​តំបន់​ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍​ចំពោះ​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​ចិនទាំងអស់​លើការ​វិនិយោគ​លើគ្រប់វិស័យ​នៅកម្ពុជា ដោយសម្តេច​បានគូស​បញ្ជាក់ថា ប្រទេស​កម្ពុជា​មានសក្ដានុពលសម្រាប់​ការវិនិយោគ​និងនាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ប្រកបដោយ​ភាពប្រកួត​ប្រជែង។

សម្ដេចធិបតី​បានលើកទឹកចិត្ត​ក្រុមហ៊ុន​ឱ្យបន្ត​ពិភាក្សា​លម្អិត​និង​សហការ​ជាមួយ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ​ក្នុងស្រុក សំដៅ​ប្រែក្លាយ​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ឱ្យចេញលទ្ធផល​ជាក់ស្ដែង​ក្នុងពេល​ដ៏ខ្លី​ខាងមុខ៕

你可能还喜欢

评论被关闭。