ធនាគារជាតិជំរុញឱ្យអ្នកលក់ដូរតាមដងផ្លូវប្រើ KHQR ជាប្រាក់រៀល ដើម្បីងាយស្រួលភ្ញៀវទេសចរទូទាត់
ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេស ក្នុងការទូទាត់ថ្លៃទំនិញផ្សេងៗ នាអំឡុងពេលដែលពួកគាត់កំពុងទស្សនាតាមរមណីយដ្ឋាននានានៅកម្ពុជា លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យអ្នកលក់ដូរចំណីអាហារនៅតាមដងផ្លូវទាំងអស់ ប្រើប្រាស់ KHQRជាប្រាក់រៀល ប្រសើរជាងប្រាក់ដុល្លារអាម៉េរិក។
ការលើកឡើងរបស់លោកស្រី ជា សិរី គឺធ្វើឡើងក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយក្រុមហ៊ុនបណ្ដាញបណ្ណទូទាត់អន្តរជាតិ Mastercard នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា។
លោកស្រី ជា សិរី មានប្រសាសន៍ថា ដើម្បីសម្រួលក្នុងការចាយវាយដល់ភ្ញៀវទេសចរបរទេសដែលមកលេងប្រទេសកម្ពុជា អាចស្កេនតាមកន្លែងលក់នានាតាមដងផ្លូវបានងាយស្រួល លុះត្រាតែអ្នកលក់ដូរត្រូវដាក់ KHQR ជាប្រាក់រៀល បើគាត់់អត់ដាក់ជាប្រាក់រៀលទេ ភ្ញៀវទាំងនោះមិនអាចស្កេនបានទេ។ ដូច្នេះ លោកអ្នកដែលធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ និងតំណាងក្រសួងទេសចរណ៍សូមជួយផ្សព្វផ្សាយលើការងារនេះឱ្យកាន់តែទូលំទូលាយផង ដោយឱ្យអ្នកលក់ដាក់ KHQR ជាលុយរៀល ខណៈបច្ចុប្បន្នមាន KHQR រហូតដល់ទៅជិត ៤ លានកន្លែងនៅទូទាំងប្រទេស និងកន្លែងអាចប្រើកាតបានមានតែ ៥,៥ ម៉ឺនកន្លែងប៉ុណ្ណោះនៅទូទាំងប្រទេស។
លោកស្រីបានបន្ថែមថា ភ្ញៀវទេសចរបរទេសដែលមកលេងស្រុកខ្មែរដែលប្រើកាត ត្រូវភ្ជាប់ Bakong Tourists APP របស់ធនាគារជាតិ ដោយអាចស្កេនបញ្ចូលកាតទៅក្នុង APP ហើយអាចស្កេន KHQR បានតាមទីតាំងលក់ដូរនៅទូទាំងប្រទេស។
ក្រៅពីនេះ លោកស្រី ជា សិរី ក៏បានលើកឡើងពីភ្ញៀវទេសចរកម្ពុជាមួយចំនួនទៅប្រទេសវៀតណាម ថៃ និង ប្រទេសឡាវ មិនអាចស្កេនបានតាម KHQR ដោយសារការចាយវាយនៅក្រៅប្រទេស ដូចជានៅប្រទសថៃ វៀតណាម និង ប្រទេសឡាវ អាចស្កេនបានសម្រាប់តែធនាគារមួយចំនួនប៉ុណ្ណោះ ខណៈមានធនាគារដ៏ទៃទៀតកំពុងធ្វើសន្ធានកម្មជាបណ្តើរៗ ដើម្បីអាចឱ្យអតិថិជនរបស់ខ្លួនអាចចាយវាយឬស្កេននៅប្រទេសទាំងនោះបាន ប៉ុន្តែលុះត្រាតែអតិថិជនមានគណនីជាប្រាក់រៀល បើគាត់អត់មានទេ គាត់អត់ចាយបានទេ។ តែអ្វីដែលច្បាស់អាចយកទៅទូទាត់នៅតាមប្រទេសទាំងនោះបាន គឺប្រើប្រព័ន្ធអេបបាគងនៃធនាគារជាតិនៃកម្ពុជា៕
评论被关闭。