ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ កើនឡើងគួរឱ្យកត់សម្គាល់

ស្របពេល​វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​មានការ​ងើបឡើងវិញ ជើងហោះហើរ​នៅអាកាសយានដ្ឋាន​អន្តរជាតិ សៀមរាបអង្គរ បានមានការ​កើនឡើង​គួរឱ្យ​កត់សម្គាល់ ពោលគឺ​កើនពីជាង ២០ ជើងដល់ជាង ៥០ ជើង ដែលនេះ​ជាសញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា។

មន្ត្រី​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ ​សៀមរាប​អង្គរ ​បានឱ្យដឹង​ថា ក្នុងរយៈពេល​ប៉ុន្មាន​ខែចុងក្រោយនេះ ជើង​ហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​​អង្គរ បាន​កើន​ឡើង​ពី​ជាង​ ២០ ជើង (ទាំង​ឡើង​​និង​ចុះ) ទៅ​ដល់​ជាង ៥០ ជើងឬ ៥៦ ជើង (ទាំង​ឡើង​ទាំង​ចុះ) ក្នុង​មួយ​ថ្ងៃ ហើយ​ភ្ញៀវ​ធ្វើ​ដំណើរ​ក្នុង​​មួយ​ថ្ងៃ​ក៏​មានកំណើន​​ជាង ៥ ០០០ ទៅ ៦ ០០០ នាក់ដែរ។

ក្រុមហ៊ុន​​អាកាសចរណ៍​​សិង្ហបុរី​និង​​ក្រុមហ៊ុន​​អាកាសចរណ៍ Air Asia កម្ពុជា បាន​បង្កើន​​ជើង​ហោះ​ហើរ​​ពី​ប្រទេស​​សិង្ហបុរី​​មក​អាកាសយានដ្ឋាន​​អន្តរជាតិ​ខេត្ត​សៀមរាប ខណៈ​​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia កម្ពុជា​ក៏​បង្កើន​​ជើង​ហោះហើរ​​ទៅ​ភូកេត ​ប្រទេស​​ថៃ​ផងដែរ។

ដោយឡែក នៅ​ខែ​មករា ​ឆ្នាំ២០២៥ នឹង​មាន​​ការ​តភ្ជាប់​​ជើង​ហោះហើរ​​ទៅ​ប្រទេស​​កូរ៉េ​តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor រីឯ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា Indigo ក៏​គ្រោង​តភ្ជាប់​ការ​ហោះហើរ​មក​អាកាសយានដ្ឋានអន្តរជាតិ​ ​សៀមរាប​អង្គរផងដែរ។

​យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៤នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៤,៨​ លាន​នាក់ ​មានការ​កើន​ឡើង ២២,២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ២០២៣។

ស្ថានភាព​អំណោយផល​ពីអាកាសធាតុ ភាពទាក់ទាញ​ចំពោះ​ភ្ញៀវទេសចរ ម្ហូបអាហារ និង វប្បធម៌​ប្រពៃណី​ខ្មែរ ជាកត្តា​សំខាន់​ដែលធ្វើឱ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​ចង់មក​ទស្សនា​ប្រទេស​កម្ពុជា។

គួររម្លឹកថា អាកាសយានដ្ឋាន​អន្តរជាតិ​ សៀមរាបអង្គរ បានសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​​ជាផ្លូវការ​នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងលោក វ៉ាង អ៊ីប៉ (Wang Yubo) អភិបាលខេត្ត​យូណាន​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន៕

你可能还喜欢

评论被关闭。