ឯកអគ្គរាជទូតហូឡង់ដ៏ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំ

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានពិភាក្សា​ការងារ​ជាមួយ​លោក Remco Johannes van Wijngaarden ឯកអគ្គរាជទូត​ហូឡង់ដ៏​ប្រចាំ​កម្ពុជា (ដែលមាន​និវាសនដ្ឋាន​នៅទីក្រុង​បាងកក ប្រទេសថៃ) នៅវិមានសន្ដិភាព រាជធានី​ភ្នំពេញ។

លោក Remco Johannes van Wijngaarden បានវាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​និង​រីកចម្រើន​នៅ​កម្ពុជា ជាពិសេស​ការសម្រេចបាន​នូវកំណើន​សេដ្ឋកិច្ច​។ លោកបាន​សម្ដែងនូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ដ៏យូរលង់​និង​វឌ្ឍនភាព​នៃកិច្ចសហប្រតិបត្តិការ​រវាង​ហូងឡង់ដ៏​និង​កម្ពុជា ព្រមទាំង​ប្ដេជ្ញា​បន្ត​ពង្រឹងនិងពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យកាន់តែ​រឹងមាំ​ថែមទៀត។

ជាការឆ្លើយតប សម្ដេចបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវ​ក្ដីសោមនស្ស​ចំពោះ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើរ​រវាង​កម្ពុជា​និង​ហូឡង់ដ៏ ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​និង​ប្រជាជន​ហូឡង់ដ៏ ដែលបាន​រួមចំណែក​ដល់ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​នៅលើវិស័យ​សំខាន់​ៗមួយចំនួន​នាពេល​កន្លងមក។

សម្ដេចធិបតី​បានលើក​ទឹកចិត្ត​លោក Remco Johannes van Wijngaarden បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រសួង-ស្ថាប័ន​នៃរាជរដ្ឋាភិបាល​កម្ពុជា​ឱ្យកាន់តែ​ជិតស្និទ្ធ​ថែមទៀត ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ​ឱ្យកាន់តែ​ខ្លាំងក្លា​ថែមទៀត។

នៅក្នុង​ជំនួប​នេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Remco Johannes van Wijngaarden បានកត់សម្គាល់​ដោយការ​ពេញចិត្ត​ចំពោះ​ការដាក់ចេញ​នូវយន្តការ​ពិគ្រោះ​យោបល់​ទេ្វភាគី​រវាង​ក្រសួង​ការបរទេស​នៃប្រទេស​ទាំងពីរ ដែលចូលរួម​ចំណែក​ដល់ការ​រីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។ ជំនួប​នេះ​ក៏បាន​​ពិភាក្សា​អំពី​ការបន្ត​​ពង្រឹង​និង​​ពង្រីក​​កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស​លើវិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​។

ក្នុងឱកាស​នេះផងដែរ សម្ដេចធិបតី​បានចែករំលែក​ជូនលោក Remco Johannes van Wijngaarden ​ អំពី​ការដាក់​ចេញនូវ​គោលនយោបាយ​ យន្តការ​ និង ​ការលើក​ទឹកចិត្ត​នានា​ប្រកបដោយ​ភាពទាក់ទាញ​និង​ជាក់ស្ដែង​របស់​កម្ពុជា ក្នុងការទាក់ទាញ​វិនិយោគិន​បរទេស ក៏ដូចជា​ធានានូវ​​បរិយាកាស​​វិនិយោគ​និង​ភាពប្រកួត​ប្រជែង​របស់​កម្ពុជា។

លោក Remco Johannes van Wijngaarden ក៏បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ឯកជន​ហូឡង់ដ៏​ដែលកំពុង​មានប្រតិបត្តិការ​នៅ​កម្ពុជា ក៏ទទួលស្គាល់​បរិយាកាសវិនិយោគ​​កាន់តែ​ប្រសើរឡើងនៅប្រទេស​កម្ពុជា​ដែរ ហើយរាជរដ្ឋាភិបាល​​ហូឡង់​ដ៏​នឹងបន្ត​គាំទ្រ​ក្រុមហ៊ុន​ឯកជន​​ហូឡង់ដ៏​មកវិនិយោគ​​នៅកម្ពុជា​ឱ្យកាន់តែ​ច្រើនថែមទៀត​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Remco Johannes van Wijngaarden ក៏បាន​ផ្លាស់ប្តូ​រ​យោបល់​អំពី​បញ្ហា​តំបន់​និងអន្តរជាតិ​​មួយចំនួន​ផងដែរ៕

你可能还喜欢

评论被关闭。