ព្រឹទ្ធសភាអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាភាគី នៃកិច្ចព្រមព្រៀងក្នុងការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃ UN សម្រាប់យានយន្ត

ព្រឹទ្ធសភា​កម្ពុជា​បានអនុម័ត​លើសេចក្តី​ព្រាងច្បាប់​ ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យកម្ពុជា​ចូលជា​ភាគី​ នៃ​កិច្ចព្រមព្រៀង​ស្តីពី​ការទទួលយក​បទប្បញ្ញត្តិ​បច្ចេកទេស​រួម នៃ​អង្គការសហប្រជាជាតិ (UN) សម្រាប់​យានយន្ត បរិក្ខារ និង គ្រឿងបន្លាស់​ដែលអាច​បំពាក់ ​ឬប្រើប្រាស់​នៅលើ​យានយន្ត និងលក្ខខណ្ឌ​សម្រាប់​ការទទួលស្គាល់​ទៅវិញ​ទៅមក ​នៃការផ្តល់​អនុលោមភាព​ដោយឈរលើ​មូលដ្ឋាន​នៃ​បទប្បញ្ញត្តិ​ UN។

ការអនុម័ត​នេះបានធ្វើឡើង​ក្នុងកិច្ចប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​លើកទី​២ នីតិកាលទី៧ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព​​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា។

សេចក្តី​ព្រាងច្បាប់​នេះតាក់តែង​ឡើងមាន ២ មាត្រា ត្រូវបាន​រដ្ឋសភា​កម្ពុជា​អនុម័ត​យល់ព្រម​ជាលើកដំបូង​ដោយ ៩៩ សំឡេង​នៃចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាសម័យ​ប្រជុំ​រដ្ឋសភា​លើកទី៣ នីតិកាលទី៧។ បន្ទាប់មក​​អង្គប្រជុំ​ព្រឹទ្ធសភា​បានពិនិត្យ ​ហើយឱ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើសេចក្តី​ព្រាងច្បាប់​ទាំងមូល​ ដោយឥត​កែប្រែ​ដោយ ៥៦ សំឡេង​នៃចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។ សេចក្តី​ព្រាងច្បាប់​នេះតាក់តែង​ឡើង ដើម្បី​សម្រួល​ដំណើរការ​អនុម័ត​សម្រាប់​យានយន្ត ​និង​គ្រឿងបន្លាស់ កាត់បន្ថយ​របាំង​ពាណិជ្ជកម្ម​ និងលើកកម្ពស់​ស្តង់ដា​សុវត្ថិភាព។

កិច្ចព្រមព្រៀង​នេះ អនុញ្ញាត​ឱ្យ​ប្រទេស​ចូលរួម​ទទួលស្គាល់​ការយល់ព្រម​ពីគ្នា​ទៅវិញ​ទៅមក មានន័យថា យានយន្ត ​ឬ​ផ្នែកដែល​ត្រូវបាន​អនុម័ត​នៅក្នុង​ប្រទេស​មួយ ត្រូវបាន​ចាត់ទុក​ថាគោរព​តាមបទប្បញ្ញត្តិ​ក្នុងប្រទេស​ផ្សេងៗ​ទៀត ដែល​ចូលរួម ហើយនឹងជួយ​សម្រួល​ដល់ដំណើរការ​ក្នុងការ​នាំចេញ​យានយន្ត​និង​គ្រឿងបន្លាស់ ដែលនាំឱ្យ​កាត់បន្ថយ​ការចំណាយ ​និង​បង្កើន​លទ្ធភាព​ទទួលបាន​ទីផ្សារ​សម្រាប់​ក្រុមហ៊ុន​ផលិត។

សេចក្តី​ព្រាងច្បាប់​នេះ នឹង​ផ្តល់បរិយាកាស​អំណោយផល​ដល់កម្ពុជា​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​​លើឧស្សាហកម្ម​ផលិត ​និង​ដំឡើង​យានយន្ត បរិក្ខារ និង គ្រឿងបន្លាស់ និងជួយ​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​លើការអភិវឌ្ឍ ការផលិត និង ដំណើរការ​ស្នើសុំ​លិខិត​បញ្ជាក់​អនុលោមភាព ព្រមទាំង​អាចនាំចេញ​ផលិតផល​របស់​ខ្លួនទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយមិនមាន​របាំង​បច្ចេកទេស​ជាមួយ​នឹងយានយន្ត​ប្រកបដោយ​គុណភាព សុវត្ថិភាពខ្ពស់ និង តម្លៃសមរម្យ សន្សំ​សំចៃ​ថាមពល​និង​កាត់បន្ថយ​ផលប៉ះពាល់​ចំពោះ​បរិស្ថាន៕

你可能还喜欢

评论被关闭。