លោក ហង់ជួន ណារ៉ុន ចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសន្និសីទភាសាចិនពិភពលោក
នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានចូលរួមតាមរយៈប្រព័ន្ធអនឡាញក្នុងពិធីបើកសន្និសីទភាសាចិនពិភពលោក ដែលប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈការថ្លែងសុន្ទរកថាតាមប្រព័ន្ធអនឡាញ លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា រដ្ឋាភិបាលចិននិងប្រជាជនចិនបានផ្តល់ការគាំទ្រជាច្រើនដល់ប្រទេសកម្ពុជា ដែលបានជួយសម្រួលដល់ការបង្រៀនភាសាចិននៅកម្ពុជា ពិសេសបានបញ្ជូនគ្រូបង្រៀនភាសាចិនមកចូលរួមបណ្តុះបណ្តាលធនធានមនុស្សជំនាញភាសាចិនជូនកម្ពុជាផងដែរ។
លោកបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនក្នុងវិស័យអប់រំ ទទួលបានផលផ្លែផ្កាជាច្រើន ជាពិសេសក្នុងការអប់រំភាសាចិន។ ក្នុងឆ្នាំ២០២២ កម្ពុជា-ចិនបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានៃការអនុវត្តសាកល្បងអប់រំភាសាចិនទៅក្នុងប្រព័ន្ធអប់រំជាតិនៅកម្ពុជា នេះជាសមិទ្ធផលប្រវត្តិសាស្ត្រយុគសម័យថ្មីមួយ។ ការអនុវត្តនេះបានបើកចំហទ្វារសម្រាប់សិស្សានុសិស្សកម្ពុជា ឱ្យមានឱកាសស្វែងយល់អំពីវប្បធម៌ចិន និងពង្រីកចក្ខុវិស័យអន្តរជាតិ ថែមទាំងបានកសាងស្ពានមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ឱ្យកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀតផងដែរ។
បន្ថែមពីនេះ លោកក៏បានថ្លែងអំណរគុណជាពិសេសចំពោះរដ្ឋាភិបាលចិន និងប្រជាជនចិនដែលបានផ្តល់ការគាំទ្រធនធានជាច្រើនដល់ប្រទេសកម្ពុជា រួមមានប្រាក់ឧបត្ថម្ភ សៀវភៅសិក្សា និង សម្ភារបរិក្ខារសិក្សាជាដើម ដែលបានជួយសម្រួលដល់ការបង្រៀន និងរៀនភាសាចិននៅកម្ពុជា។ លើសពីនេះ ភាគីចិនថែមទាំងបានរៀបចំវគ្គបណ្តុះបណ្តាល និងកម្មវិធីផ្លាស់ប្តូរជាច្រើន ដែលបង្កើតឱកាសដល់គ្រូបង្រៀនភាសាចិនក្នុងស្រុកនៅកម្ពុជា ក្នុងការដកយកបទពិសោធ និងសិក្សាពីវិធីសាស្ត្របង្រៀនភាសាចិនថ្មីៗ ជួយពង្រឹងសមត្ថភាពបង្រៀនភាសាចិនក្នុងស្រុកនៅកម្ពុជា។
លោក ហង់ជួន ណារ៉ុន បានថ្លែងបន្ថែមថា ក្រសួងអប់រំ យុវជន និង កីឡាកម្ពុជា ស្វាគមន៍និងចូលរួមសហការគាំទ្រសម្របសម្រួលនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនានាលើវិស័យអប់រំ ក្នុងគោលដៅជំរុញនូវការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។
សន្និសីទភាសាចិនពិភពលោកនេះ រៀបចំឡើងដោយក្រសួងអប់រំប្រទេសចិន ក្រោមអធិបតីភាពរបស់លោក ហាន ជឹង (Han Zheng) អនុប្រធានាធិបតីចិន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ អង្គការអន្តរជាតិ គ្រឹះស្ថានឧត្តមសិក្សា និង គ្រឹះស្ថានអប់រំភាសាចិនមកពី ១៦០ ប្រទេស ចូលរួមផ្លាស់ប្តូរគំនិតមតិយោបល់គ្នាអំពីការអប់រំភាសាចិនក្នុងប្រទេសរបស់ខ្លួន។
នៅក្នុងពិធីបើកសន្និសីទនេះ លោក ហាន ជឹង បានអានសារជូនពររបស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិនចំពោះសន្និសីទភាសាចិនពិភពលោក និងបានគូសបញ្ជាក់ថា ប្រទេសចិននឹងបន្តគាំទ្រដល់ការអប់រំភាសាចិនស្របតាមតម្រូវការជាក់ស្តែងរបស់ប្រទេសនានា។
ប្រធានបទដែលបានលើកឡើងក្នុងសន្និសីទភាសាចិនពិភពលោកនេះរួមមាន៖ ១. ការអភិវឌ្ឍនិងអនុវត្តស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនភាសាចិនក្នុងស្រុក។ ២. ការបង្កើនគុណភាពអប់រំភាសាចិនផ្សារភ្ជាប់នឹងការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈ។ ៣. ការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងស្រុកនិងការធ្វើមូលដ្ឋានីយកម្មការអប់រំភាសាចិននៅតាមបណ្តាប្រទេសនានា៕
评论被关闭。