ព្រះរាជពិធីបុណ្យអុំទូក ៣ ថ្ងៃ រាជធានីភ្នំពេញ ជាគោលដៅទាក់ទាញទេសចរដើរកម្សាន្តច្រើនបំផុត

នាយកដ្ឋាន​​ស្ថិតិ​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍​កម្ពុជា​បានឱ្យដឹង​ថា ក្នុងរយៈពេល ៣ ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប​ និង ​សំពះព្រះខែ អកអំបុក ភ្ញៀវទេសចរ​ដើរលេង​កម្សាន្ត​ទូទាំង​ប្រទេស​សរុប​ជាង ៧ លាននាក់ ក្នុងនោះរាជធានី​ភ្នំពេញ​បានក្លាយជា​គោលដៅទាក់ទាញ​ទេសចរ​ដើរកម្សាន្ត​ច្រើនជាងគេ ដោយមាន​រហូតដល់​ជាង ៦ លាននាក់។

យោងតាម​តួលេខ​របស់នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍បាន​បង្ហាញថា ​​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ក្នុង​រយៈពេល ៣ ថ្ងៃ​ (១៤-១៦ វិច្ឆិកា) នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប​ និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ​សរុបមាន​​ជាង ៧ លាន​នាក់។ ក្នុងនោះ រាជធានី-ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់​ៗ ដែល​ទទួល​បាន​ទេសចរ​ក្នុង​ស្រុក​ដើរ​កម្សាន្ត​ច្រើនរួមមាន៖ ​រាជធានី​ភ្នំពេញ​ទទួល​បាន​ទេសចរ​ក្នុង​ស្រុក​មក​ទស្សនា​សរុប ៦ ២៣៩ ៦៨៩ នាក់ ខេត្ត​សៀមរាប​ទទួល​បាន ៣៣៥ ០០០ នាក់ ខេត្ត​ព្រះសីហនុ​ទទួលបាន ៣០៣ ៣៨២ នាក់ ខេត្ត​ប៉ៃលិន​ទទួលបាន ១៨៨ ០៤១ នាក់ និង ​ខេត្ត​កំពត​ទទួលបាន ១៣២ ៤១៦ នាក់៕

你可能还喜欢

评论被关闭。