រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅ “វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន តំបន់ឆ្នេរសមុទ្រ ឆ្នាំ២០២៤”

កាលពី​ពេលថ្មីៗនេះ លោក លីម ឡោក ពិសិដ្ឋ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានចូលរួម​ថ្លែងសុន្ទរកថា​គន្លឹះ​នៅក្នុង “វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន-ចិន តំបន់​ឆ្នេរសមុទ្រ (Qianhai) ឆ្នាំ២០២៤” នៅទីក្រុងស៊ិនជិន (Shenzhen) សាធារណរដ្ឋ​ប្រជាមានិត​ចិន។

“វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន-ចិន តំបន់​ឆ្នេរសមុទ្រ (Qianhai) ឆ្នាំ២០២៤” នេះ មានការចូលរួម​ពីថ្នាក់ដឹកនាំ​សំខាន់ៗ អ្នករៀបចំ​គោលនយោបាយ និង ធុរជន ប្រមាណជាង ៥០០ នាក់ ក្នុងគោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អាស៊ាន-ចិន​រួមគ្នា លើវិស័យ​ឧស្សាហកម្ម​ដែលកំពុង​រីកចម្រើន និងជំរុញ​សហគមន៍​ធុរកិច្ច​ដែលប្រកបដោយ​ភាពធន់​ និង​ការសម្លឹង​ឆ្ពោះទៅមុខ។

លោក លីម ឡោក ពិសិដ្ឋ បានលើកឡើង​អំពី​ចក្ខុវិស័យ​សំខាន់ៗ​ក្នុងការជំរុញ​កិច្ចសហប្រតិបត្តិការ​អាស៊ាន-ចិន ដោយផ្តោតលើ​សក្តានុពល​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន និងកិច្ចព្រមព្រៀង​គ្រប់ជ្រុង​ជ្រោយតំបន់ (RCEP) ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។

ជាមួយគ្នាននេះ លោកបាន​កត់សម្គាល់​អំពី​សារៈ​សំខាន់​នៃកិច្ចសហប្រតិបត្តិការ ​និង​គំនិត​ផ្តួចផ្តើម​នៃការធ្វើ​សមាហរណកម្ម​រួមគ្នា​នៅក្នុងតំបន់​ឆ្នេរសមុទ្រ ក្នុងគោលដៅ​ជំរុញ​ពាណិជ្ជកម្ម ការចាប់យក​ខ្សែច្រវាក់​ផ្គត់ផ្គង់ និង ការបង្កើន​ការតភ្ជាប់​ឌីជីថល។

បន្ថែមពីនេះ លោក លីម ឡោក ពិសិដ្ឋ ក៏បាន​គូសបញ្ជាក់​អំពី​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដែលយកចិត្ត​ទុកដាក់​ខ្ពស់លើការ​ធ្វើធុរកិច្ច​ក្នុងប្រទេស​កម្ពុជា ផ្សារភ្ជាប់​រវាង​អ្នកផ្គត់ផ្គង់​ក្នុងស្រុក​ជាមួយ​អ្នកទិញ​មកពី​ទូទាំង​ពិភពលោក សំដៅ​បង្កើន​ការនាំចេញ​ពីកម្ពុជា​ទៅទីផ្សារ​បរទេស។

នាអំឡុងពេល​ចូលរួម​ក្នុង “វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន-ចិន តំបន់​ឆ្នេរសមុទ្រ (Qianhai) ឆ្នាំ២០២៤” លោក លីម ឡោក ពិសិដ្ឋ ក៏បានជួប​ពិភាក្សា​ជាមួយលោក ស៊ឺ ចុងជីន (Shi Zhongjun) អគ្គលេខាធិការ​នៃមជ្ឈមណ្ឌល​អាស៊ាន-ចិន ដោយផ្តោតលើ​យុទ្ធសាស្ត្រ​សំខាន់ៗ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម ពង្រីក​ការនាំចេញ​កសិផល និង បង្កើន​ភាពជាដៃគូ​ជាមួយ​វិស័យ​ឯកជន។ លោក ស៊ឺ ចុងជីន ​បានបង្ហាញ​អំពី​គោលបំណង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មកទស្សនកិច្ច​នៅកម្ពុជា​ក្នុងខែធ្នូ ឆ្នាំ២០២៤​ខាងមុខនេះ ដែលនេះ​ជាសញ្ញា​ដ៏ល្អ​នៃអនាគត​សម្រាប់​ទំនាក់ទំនង​អាស៊ាន-ចិន​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់៕

你可能还喜欢

评论被关闭。