ពាណិជ្ជកម្មកម្ពុជា-ចិនសម្រេចបានទឹកប្រាក់ជាង ១២ ប៊ីលានដុល្លារ ក្នុងរយៈពេល ១០ ខែឆ្នាំ២០២៤
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ក្នុងរយៈពេល ១០ ខែ (មករា-តុលា) នៃឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបានទំហំទឹកប្រាក់ជាង ១២,៣៧ ប៊ីលានដុល្លារអាម៉េរិក កើនឡើង២៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
ទិន្នន័យរបស់ GDCE បង្ហាញថា ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងចិនមានទឹកប្រាក់សរុប ១២,៣៧ ប៊ីលានដុល្លារ ក្នុងនោះកម្ពុជានាំទំនិញទៅចិនមានតម្លៃ ១,៤២ ប៊ីលានដុល្លារ កើនឡើង២១,១% និងទំនិញចិននាំចូលមកកម្ពុជាតម្លៃ ១០,៩៥ ប៊ីលានដុល្លារ កើនឡើង២៣,២%។ ចំនួននេះបង្ហាញថា ឱនភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិនបានកើនឡើងដល់១៣% ស្មើនឹងទឹកប្រាក់ ៩,៥២ ប៊ីលានដុល្លារ។
កម្ពុជាទិញទំនិញពីចិនមកច្រើនជាងនាំចេញ ក្នុងនោះកម្ពុជានាំចូលវត្ថុធាតុដើមក៏ច្រើន។ កម្ពុជាប្រៀបដូចជាមជ្ឈមណ្ឌលបង្គុំហើយនាំចេញទៅទីផ្សារអឺរ៉ុប និងអាម៉េរិក ដោយសារកម្ពុជាខ្វះវត្ថុធាតុដើម ខណៈផលិតផលនាំចូលមួយចំនួនជាផលិតផលសម្រេច និងមួយចំនួនជាវត្ថុធាតុដើម។
ចំពោះឱនភាពពាណិជ្ជកម្មរវាងកម្ពុជា និងចិនមិនមានកំណើនខ្ពស់ទេ ដោយសារចិនមានផលិតកម្មរោងចក្រកាត់ដេរ និងរោងចក្រឧស្សាហកម្មច្រើននៅកម្ពុជា។ ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែបន្តកើតមាន ទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយប្រទេសចិនក៏ដោយ ដោយសារកម្ពុជាមានតម្រូវការធំពីប្រទេសចិនដែលមានសម្ភារបរិក្ខាផ្សេងៗ ហើយតម្រូវការវត្ថុធាតុដើមនិងសម្ភារៈពីប្រទេសចិនធូរថ្លៃជាងគេ បើប្រៀបធៀបជាមួយអាស៊ាន ហើយសម្ភារៈវត្ថុធាតុដើមសម្លៀកបំពាក់ក៏មានច្រើន៕
评论被关闭。