លោកបណ្ឌិត សុខ ទូច ទទួលបាន «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថាន ខុងជឺ» ពីប្រទេសចិន
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួល «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថាន ខុងជឺ» ពីប្រទេសចិន ដោយប្រគល់ដោយលោក ហាន ជឹង (Han Zheng) អនុប្រធានាធិបតីចិន នៅក្នុងកម្មវិធីមហាសន្និបាតភាសាចិនពិភពលោក។
លោក ហាន ជឹង អនុប្រធានាធិបតីចិនប្រគល់ «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថាន ខុងជឺ» ជូនលោកបណ្ឌិត សុខ ទូច
វិទ្យាស្ថានខុង ជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកថា នេះមិនមែនត្រឹមតែជាកិត្តិយសសម្រាប់វិទ្យាស្ថាន ខុងជឺ ប៉ុណ្ណោះទេ ពោលគឺសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ ពីព្រោះវិទ្យាស្ថាន ខុងជឺ គឺជាគ្រឹះស្ថានអប់រំភាសាចិនតែមួយគត់នៅក្នុងប្រទេសកម្ពុជា និងក្នុងចំណោមគ្រឹះស្ថានអប់រំភាសាចិនចំនួន ៣៤ ផ្សេងទៀតលើទូទាំងពិភពលោកដែលទទួលបានពានរង្វាន់មួយនេះ។
ការទទួលបាន «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថាន ខុងជឺ» គឺសបញ្ជាក់ឱ្យឃើញថា វិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានការត្រួសត្រាយចង្អុលបង្ហាញផ្លូវពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ព្រមទាំងមានការចូលរួមចំណែកពីលោកគ្រូ អ្នកគ្រូ ក្រុមការងារ និង ការគាំទ្រពីភាគីពាក់ព័ន្ធ វិទ្យាស្ថានបានខិតខំរួមចំណែកយ៉ាងច្រើនលើការបណ្តុះបណ្តាលធនធានភាសាចិន ការផ្លាស់ប្តូរវប្បធម៌ និង ការរឹតចំណងមិត្តភាពកម្ពុជា-ចិន រហូតទទួលបានកិត្តិយសមួយនេះ។
សូមបញ្ជាក់ថា មហាសន្និបាតភាសាចិនពិភពលោកនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន-បរទេសនៃក្រសួងអប់រំចិន មូលនិធិអប់រំភាសាចិនអន្តរជាតិ និង សមាគមអន្តរជាតិសម្រាប់ការបង្រៀនភាសាចិន។ លោកបណ្ឌិត សុខ ទូច ក្នុងនាមប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឡើងទទួល «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថាន ខុងជឺ» នៅចំពោះមុខអ្នកចូលរួមប្រមាណជាង ២ ០០០ នាក់មកពី ១៦០ ប្រទេសនៅលើពិភពលោក៕
评论被关闭。