សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានអង្គការ IDC-CDI

នារសៀល​ថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេច​មហាប​វរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​​កម្ពុជា បានជួប​ពិភាក្សា​​ការងារ​​ជាមួយ​លោក André Pastrana Arango ប្រធាន​​អង្គការ​​អ្នកប្រជាធិបតេយ្យ​​និយម​កណ្តាល​​អន្តរជាតិ (IDC-CDI) និង​គណៈប្រតិភូ​​ថ្នាក់ដឹកនាំ​​ជាន់ខ្ពស់ IDC-CDI ក្នុងឱកាស​​ចូលរួម​​កិច្ចប្រជុំ​​គណៈកម្មា​ធិការ​​ប្រតិបត្តិ​ IDC-CDI នៅ​ខេត្តសៀមរាប។

ក្នុងឱកាស​​ជំនួបនោះ លោក André Pastrana Arango បានអបអរសាទរ​និង​កោតសរសើរ​​​សម្ដេចធិបតី​​ដែលត្រូវបាន​បោះឆ្នោត​​ជ្រើសតាំង​​ជានាយក​រដ្ឋមន្ត្រី​ និង​ដឹកនាំ​​ប្រទេស​​សម្រេចបាន​​លទ្ធផល​​ជាច្រើន ជាពិសេស​​ការសម្រេច​បាន​នូវ​សន្តិភាព​ ​ឯកភាពជាតិ និង ការអភិវឌ្ឍ​​សេដ្ឋកិច្ច។

លោកបានឱ្យដឹងថា គណៈ​ប្រតិភូ​​ជាច្រើន​​ដែលបាន​ចូលរួម​​នៅក្នុងកិច្ច​ប្រជុំ​​នាពេលនេះ មានគោលបំណង​​រួមមួយ គឺការកសាង​​សន្តិភាព។ គណៈ​ប្រតិភូ​​ទាំងអស់​​សង្ឃឹមថា នឹងទទួលបាន​​បទពិសោធន៍​​បន្ថែម​ទៀត​ពីប្រទេស​​កម្ពុជា ដែល​បាន​សម្រេច​នូវ​សន្តិភាព​​ដ៏​មានសារៈ​សំខាន់​នេះ។

ឆ្លៀតក្នុង​ឱកាស​នោះ​ផងដែរ លោក André Pastrana Arango ក៏បាន​ថ្លែងអំណរ​គុណ​​ប្រទេស​​កម្ពុជា​​ដែលបាន​ធ្វើជា​ម្ចាស់ផ្ទះ​​រៀបចំ​​កិច្ច​ប្រជុំ​គណៈកម្មាធិការ​​ប្រតិបត្តិ​ IDC-CDI នាពេលនេះ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយ​តម្លៃ​ខ្ពស់​​ចំពោះ​​អង្គការ IDC-CDI ដែលបាន​​​ចូលរួម​​សង្កេត​​ការបោះឆ្នោត​​នៅកម្ពុជា​​នាពេល​កន្លងមក និងផ្ដល់​យុត្តិធម៌​ដល់ការ​បោះឆ្នោត​បែបប្រជាធិបតេយ្យ​ក្នុងការជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា។ សម្ដេច​បានគូស​បញ្ជាក់ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ IDC-CDI នាពេលនេះ ប្រព្រឹត្ត​ទៅនៅចំពេល​ដែលពិភពលោក​កំពុង​ប្រឈម​នឹងបញ្ហា​ប្រឈម​ជាច្រើន ហើយកិច្ចប្រជុំ​នេះបានក្លាយជា​វេទិកា​សម្រាប់​ទាំងអស់គ្នា​ក្នុងការ​កសាង​នូវការតភ្ជាប់ ក៏ដូចជា​ទំនាក់ទំនង​គ្នាបន្ថែមទៀត និងផ្ដល់​កាលានុវត្តភាព​ក្នុងការ​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​មួយចំនួន​ផងដែរ។

សម្ដេចធិបតី​និងគណៈប្រតិភូ​អង្គការ IDC-CDI ក៏បាន​ពិភាក្សា​និងគូសបញ្ជាក់​អំពី​តួនាទី​ដ៏សំខាន់​របស់​អង្គការ IDC-CDI ផងដែរ។

បន្ទាប់ពី​ជួបជាមួយ​គណៈប្រតិភូ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ CDI-IDC សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ​ជាអធិបតីភាព​ក្នុងពិធី​ចុះហត្ថលេខា​លើឯកសារ​ចំនួនពីរ៖ (១) ពិធី​ចុះហត្ថលេខា​គាំទ្រ​ (Co-Sponsor) ធម្មនុញ្ញ​សន្តិភាព​សកល​ដោយប្រតិភូ​រដ្ឋសភា​ហុងគ្រី។ (២) ពិធី​ចុះហត្ថលេខា​លើអនុស្សរណៈ​យោគយល់គ្នា​រវាង​សភា​អន្តរជាតិ​ដើម្បី​សន្តិភាព​និង​ភាពអត់ឱន (IPTP) និងរដ្ឋសភា​ហុងគ្រី៕

你可能还喜欢

评论被关闭。