រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចម និម្មល ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចិន
នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក វ៉ាង ជិនជាំង (WANG ZHENJIANG) អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សាធារណរដ្ឋប្រជាមានិតចិននៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសជំនួបនេះ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ចិនឱ្យកាន់តែប្រសើរឡើង ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ ការបណ្តុះបណ្តាលសមត្ថភាពមន្រ្តី ការតាក់តែងច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តិនានាដែលពាក់ព័ន្ធ នឹងវិស័យពាណិជ្ជកម្មជាដើម។
លោក វ៉ាង ជិនជាំង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិងកម្ពុជា ជាពិសេសគឺទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។ លោកក៏បានកោតសរសើរចំពោះការអភិវឌ្ឍ និងរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកស្រី ចម និម្មល បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលតែងតែគាំទ្រនិងជួយដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ដែលក្នុងរយៈពេល ១០ ខែ (មករា-តុលា) នៃឆ្នាំ២០២៤នេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបានទំហំទឹកប្រាក់ជាង ១២,៣៧ ប៊ីលានដុល្លារអាម៉េរិក កើនឡើង២៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
លោកស្រី ចម និម្មល បានសង្កត់ធ្ងន់ថា កម្ពុជានឹងបន្តពង្រឹងនិងលើកកម្ពស់គុណភាពនិងផលិតកម្មផលិតផលកម្ពុជា ដើម្បីជំរុញបន្ថែមការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែច្រើនថែមទៀត៕
评论被关闭。