នាយករដ្ឋមន្ត្រីកម្ពុជាស្នើសុំរដ្ឋសភាផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកសំណើស្នើសុំរដ្ឋសភា ដើម្បីផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយលោក ប្រាក់ សុខុន ត្រូវបានជ្រើសឱ្យមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសវិញ ជំនួសលោក សុខ ចិន្តាសោភា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋសភាកម្ពុជានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន។
ក្នុងនោះ របៀបវារៈទី១ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួន ២ រូប៖ (១) លោក ប្រាក់ សុខុម ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ (២) លោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។
លោក ប្រាក់ សុខុន និងលោក សុខ ចិន្តាសោភា
គួររម្លឹកថា នេះជាការវិលមកកាន់តំណែងចាស់វិញរបស់លោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលលោកធ្លាប់បានកាន់តំណែងនេះតាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ហើយនៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ លោក សុខ ចិន្តាសោភា ត្រូវបានជ្រើសឱ្យកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេសនេះជំនួសលោក ប្រាក់ សុខុន ខណៈដែលលោក ប្រាក់ សុខុន បច្ចុប្បន្នកាន់តួនាទីជាអនុប្រធានទី១ ព្រឹទ្ធសភា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា។
ជាការកត់សម្គាល់ នៅក្នុងឆ្នាំ២០២៤នេះ នេះជាលើកទី២ ហើយដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បានស្នើរដ្ឋសភាដើម្បីកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដែលលើកទី១ គឺកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ រាជរដ្ឋាភិបាលបានស្នើផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន ២ រូប គឺលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ត្រូវមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលត្រូវប្តូរទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។
ដោយឡែក របៀបវារៈទី២ គឺការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
របៀបវារៈទី៣ គឺការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
របៀបវារៈទី៤ គឺការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕
评论被关闭。