លោក ប្រាក់ សុខុន ចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសជំនួសលោក សុខ ចិន្តាសោភា ជាផ្លូវការ
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាផ្លូវការ ជំនួសលោក សុខ ចិន្តាសោភា ដោយសំឡេងគាំទ្រ ១១២ សំឡេងនៃសមាជិករដ្ឋសភាទាំងមូល។
លោក ប្រាក់ សុខុន និងលោក សុខ ចិន្តាសោភា នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧
ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ២ រូប តាមសំណើរបស់រាជរដ្ឋាភិបាល គឺលោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។
គួររម្លឹកថា លោក ប្រាក់ សុខុន ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសម្តងរួចហើយ នាអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ បន្ទាប់មកលោកបានទៅកាន់តំណែងជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគរាជធានីភ្នំពេញ និងមានតួនាទីជាអនុប្រធានទី១ព្រឹទ្ធសភា។
ថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានៅព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការស្នើកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលខាងលើ គឺដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំងថែមទៀត ពោលគឺនឹងបង្កើនសមត្ថភាពនិងប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តនយោបាយការបរទេសនិងពាណិជ្ជកម្មកម្ពុជាលើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានាទៅជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បោះឆ្នោតនិងថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧
សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ តាមរបៀបវារៈចំនួន ៤៖
១) ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួន ២ រូប។
២) ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
៣) ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
៤) ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕
评论被关闭。