ក្រុមហ៊ុន DP World របស់អេមីរ៉ាត់អារ៉ាប់រួមបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា

ក្រុមហ៊ុន DP World របស់​អេមីរ៉ាត់អារ៉ាប់រួម​បានបង្ហាញ​ចំណាប់​អារម្មណ៍​ក្នុងការ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា លើវិស័យ​ដឹកជញ្ជូន ឡូជីស្ទីក និង ការអភិវឌ្ឍ​សួនឧស្សាហកម្ម។

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួលជួប​ពិភាក្សា​ការងារជាមួយ​លោក Sultan Ahmed Bin Sulayem ប្រធាន​ក្រុមហ៊ុន DP World នៅវិមានរដ្ឋសភា ហើយលោក Sultan Ahmed Bin Sulayem បានបង្ហាញ​ពីការ​ចាប់អារម្មណ៍​ចំពោះ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​អនាគត។

លោក Sultan Ahmed Bin Sulayem បានជម្រាប​សម្ដេចធិបតី​ថា DP World គឺជា​ក្រុមហ៊ុន​របស់​ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដែលមាន​ជំនាញ​ក្នុងវិស័យ​កំពង់ផែ ឡូជីស្ទីក និង បច្ចេកវិទ្យា​ខាងខ្សែច្រវាក់​ផ្គត់ផ្គង់​ និងមាន​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុង​តំបន់​អាស៊ាន​ និងតាម​បណ្ដា​ប្រទេស​ជាច្រើន​ក្នុងពិភពលោក។

លោកបន្ថែមថា ដោយប្រទេស​កម្ពុជា​មានទីតាំង​ភូមិសាស្ត្រ​អំណោយផល​ដ៏ល្អ​ប្រសើរ​នៅក្នុង​តំបន់​អាស៊ាន ក្រុមហ៊ុន DP World មានចំណាប់​អារម្មណ៍​ក្នុងការ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដោយផ្តោតលើ​វិស័យ​សំខាន់ៗ រួមមាន​វិស័យ​ដឹកជញ្ជូន វិស័យ​ឡូជីស្ទីក និង ការអភិវឌ្ឍ​សួនឧស្សាហកម្ម។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង​នូវការ​ស្វាគមន៍​ចំពោះ​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន DP World ក្នុងការ​ស្វែងរក​កាលានុវត្តភាព​វិនិយោគ​នៅកម្ពុជា។ សម្ដេច​បានគូស​បញ្ជាក់​អំពី​គោលនយោបាយ ​និង​យន្តការ​នានា​របស់​រាជរដ្ឋាភិបាល​ដែលគាំទ្រ​ការវិនិយោគ​ និងបាន​សង្កត់ធ្ងន់​ថា កម្ពុជា​មានការ​តភ្ជាប់​ជាមួយ​នឹងទីផ្សារ​ក្នុងតំបន់​និង​ពិភពលោក ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ និង​ពហុភាគី​ជាច្រើន ដែលក្នុងនោះ កម្ពុជា​និង​អេមីរ៉ាត់អារ៉ាប់រួម​បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ផងដែរ។

សម្ដេចធិបតី​បានលើក​ទឹកចិត្ត​ឱ្យក្រុមហ៊ុន​ពិចារណា​ក្នុងការ​វិនិយោគ​លើវិស័យ​ឡូជីស្ទីក ក៏ដូចជា​ការអភិវឌ្ឍ​សួនឧស្សាហកម្ម​ដែលជា​វិស័យ​សក្តានុពល និងបាន​លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា៕

你可能还喜欢

评论被关闭。