ធនាគារឯកទេស អ៊ីអន បង្ហាញសុទិដ្ឋិនិយមចំពោះការទូទាត់ឆ្លងដែនរវាងកម្ពុជា-ជប៉ុន តាមរយៈប្រព័ន្ធបាគង
លោក តូស៊ីយ៉ា ស៊ីម៉ាកាតា (Toshiya Shimakata) ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី បានបង្ហាញសុទិដ្ឋិនិយមចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា-ជប៉ុន តាមរយៈប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា។
លោក តូស៊ីយ៉ា ស៊ីម៉ាកាតា បានថ្លែងបែបនេះនាឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជាអគារវត្តភ្នំ។
លោកបានលើកឡើងពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារឯកទេស អ៊ីអន នាពេលកន្លងមក និងបានលើកឡើងពីផែនការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោកក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា-ជប៉ុន តាមរយៈប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជាផងដែរ។
លោកស្រី ជាសិរី បានបញ្ជាក់ពីសារៈសំខាន់នៃការស្វែងយល់ឱ្យបានច្បាស់លាស់អំពីបទប្បញ្ញត្តិនានា មុននឹងដាក់ឱ្យដំណើរការផលិតផលឬសេវាកម្មថ្មីណាមួយ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការពិភាក្សាគ្នាលម្អិតជាមួយមន្រ្តីជំនាញរបស់ធនាគាជាតិនៃកម្ពុជា ដើម្បីធានាបានអនុលោមភាពពេញលេញ។
បន្ថែមលើនេះ លោកស្រីក៏បានរំលេចពីការចូលរួមរបស់ធនាគារឯកទេស អ៊ីអន ក្នុងសកម្មភាពសង្គមនាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តចូលរួមកាន់តែច្រើនថែមទៀត ជាពិសេសកិច្ចសហការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
លោកស្រី ជា សិរី ក៏បានវាយតម្លៃខ្ពស់ចំពោះសហប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា-ជប៉ុន តាមរយៈប្រព័ន្ធបាគង ដែលធនាគារជាតិនៃកម្ពុជាបានទទួលជោគជ័យជាមួយបណ្តាប្រទេសជាច្រើនមកហើយនាពេលកន្លងមក៕
评论被关闭。