ធនាគារពិភពលោក៖ កម្ពុជាត្រូវទាញយកប្រយោជន៍ពីសក្តានុពលច្រករបៀងដឹកជញ្ជូន ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់

ធនា​គារ​​ពិភព​​​លោក (WB) បាន​អះអាង​​ថា ប្រទេស​​កម្ពុជា​​អាច​ដើរ​​តួនាទី​​ដ៏​​​​សំខាន់​​នៅ​​ក្នុង​​ការ​លើក​កម្ពស់​​ពាណិជ្ជកម្ម​​និង​​ការ​តភ្ជាប់​​ក្នុង​​តំបន់ តាមរយៈ​​ការ​ពង្រីក​​បណ្តាញ​​ផ្លូវ​ដឹក​ជញ្ជូន​​​ជា​​មួយ​​ប្រទេស​​ជិតខាង និង​​បំពេញ​​តាម​​ចក្ខុវិស័យ​​របស់​​ខ្លួន​​​ក្នុងការ​ជំរុញ​​ការ​​អភិវឌ្ឍ​​ការ​ដឹក​​ជញ្ជូន​​អន្តរ​​មធ្យោបាយ។

World Bank on glass building. Mirrored sky and city modern facade. Global capital, business, finance, economy, banking and money concept 3D rendering illustration.

 

​របាយ​ការណ៍​​ថ្មីមួយ​របស់ WB ដែលបាន​ចេញផ្សាយ​​នៅ​ព្រឹក​​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ​ក្រោម​​ចំណង​​ជើង​ថា «ការត​ភ្ជាប់​​​ក្នុងតំបន់​​នៅ​កម្ពុជា៖ ការទាញយក​​ប្រយោជន៍​​ពី​​សក្តានុពល​​ច្រក​របៀង​​ដឹកជញ្ជូន​ដ៏ពេញលេញ​» (Cambodia’s Regional Connectivity: Unlocking the Full Potential of Transport Corridors) ​បានលើកឡើង​ពីបញ្ហា​ប្រឈម​សំខាន់ៗ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា ព្រម​ទាំង​ស្នើឱ្យ​ធ្វើ​​ការវិនិយោគ​និងដាក់ចេញ​វិធានការ​គោលនយោបាយ​តាម​គោលដៅ​ សម្រាប់​​កែ​លម្អ​ការតភ្ជាប់​ក្នុង​តំបន់​ឱ្យ​កាន់​តែ​ប្រសើរឡើង។

របាយការណ៍​នេះបាន​បញ្ជាក់ថា ការ​ពឹងផ្អែក​​នៃ​​កំណើន​​សេដ្ឋកិច្ច​​របស់​​កម្ពុជា​​លើ​ការ​​នាំ​ចេញ បាននាំ​​ឱ្យ​មាន​​តម្រូវ​ការ​​កាន់​តែ​​ច្រើន​​សម្រាប់​​ការ​ធ្វើ​​ចរាចរណ៍​ទំនិញ​​ក្នុង​ទំហំ​​កាន់​តែ​ធំ​និង​​កាន់​​តែ​​មាន​ប្រសិទ្ធ​ផល នៅ​តាម​បណ្តាញ​ផ្លូវ​ដឹក​ជញ្ជូន​ក្នុង​ផ្ទៃ​ប្រទេសនិង​ឆ្លងកាត់​​ព្រំ​ដែន​ជាមួយ​ប្រទេស​ជិត​ខាង។

WB ​បាន​ស្នើឱ្យ​​មាន​ការ​​វិនិយោគ​​ជា​​អាទិភាព​​និង​​វិធាន​ការ​​គោល​​នយោបាយ​​មួយ​ចំនួន សម្រាប់​​កែ​លម្អ​​ការ​បំពេញ​​​មុខ​ងារ​​របស់​​ប្រព័ន្ធ​​ដឹក​​ជញ្ជូន​ផ្លូវ​ដី ផ្លូវ​ដែក និង ​ផ្លូវ​ទឹក​ក្នុង​​ផ្ទៃ​ប្រទេស​​ឱ្យ​បាន​កាន់​តែ​​ប្រសើរ​ឡើង​​ថែម​ទៀត។ ការ​មាន​វិធីសាស្ត្រ​មួយ​គ្រប់​ជ្រុង​ជ្រោយ​​និង​មាន​សម្រប​សម្រួល​ល្អ​​ក្នុង​ការអភិវឌ្ឍ​​បណ្តាញ​​ដឹក​ជញ្ជូន អម​ដោយ​​ការ​ផ្តោត​លើ​ភាព​ធន់​ទៅ​​នឹង​អាកាសធាតុ​ផងនោះ នឹងជួយជំរុញ​​​ឱ្យមាន​​​ការប្រកួត​ប្រជែង​កាន់​តែ​​ប្រសើរឡើង, បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច និងលើក​កម្ពស់​ពាណិជ្ជកម្ម​ក្នុង​តំបន់។

លោកស្រី​ ថានៀ ម៉ីយ័រ (Tania Meyer) ប្រធាន​គ្រប់គ្រង WB ប្រចាំ​កម្ពុជា លើកឡើងថា ​ការ​សិក្សា​​នេះបាន​ប្រមូល​ផ្តុំ​ភាគី​​ពាក់ព័ន្ធ​​សំខាន់ៗ​​ពី​រដ្ឋាភិបាល វិស័យ​​ឯកជន និង ដៃគូ​​អភិវឌ្ឍន៍ ដើម្បី​​ស្វែង​រក​​ជម្រើស​នានា​ក្នុងការ​ទាញយក​​ប្រយោជន៍​​ពី​សក្តា​​នុពល​​ដ៏ពេញលេញ​​នៃ​​វិស័យ​​ដឹក​ជញ្ជូន​​និង​ការ​តភ្ជាប់​ក្នុងតំបន់​របស់​កម្ពុជា​។

ថ្លែងនៅក្នុង​របាយការណ៍​​របស់ WB លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​​ក្រសួង​​សាធារណការ​​និង​ដឹកជញ្ជូន បានលើកឡើង​ថា ​ការ​តភ្ជាប់​​ក្នុង​​តំបន់​​និង​ការអភិវឌ្ឍ​​ផ្នែក​ភស្តុភារកម្ម​ គឺជា​​អាទិភាព​​ចម្បង​​របស់​​កម្ពុជា។ ហេតុនេះ គន្លឹះ​គឺ​ស្ថិត​នៅ​លើ​ការពង្រឹង​សមត្ថ​ភាពរបស់យើង​។ អាទិភាព​ទាំងនេះ​អាចជួយ​ពង្រឹង​ជំហរ​របស់​កម្ពុជា​ឱ្យ​ដើរតួ​ជាតួអង្គ​សំខាន់​មួយក្នុងការ​តភ្ជាប់គ្នា​ក្នុងតំបន់ និង​ជំរុញ​ពាណិជ្ជកម្ម​តាមខ្សែច្រវាក់​ផ្គត់ផ្គង់​ពិភពលោក។

លោក ប៉េង ពោធិ៍នា បានបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​បានបង្កើត “ផែនការមេ​គ្រប់ជ្រុងជ្រោយ​ស្ដីពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ​និងភស្ដុភារកម្ម​កម្ពុជា ២០២៣-២០៣៣” (CITLS) ដើម្បី​បង្កើន​មុខងារ​និងប្រសិទ្ធផល​​នៃវិស័យ​ដឹកជញ្ជូន និង​គាំទ្រ​ដល់ការ​សម្រេច​ឱ្យ​បាន​នូវគោលដៅ​អភិវឌ្ឍន៍​ជាតិ ស្រប​តាម​ការ​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី១។

របាយការណ៍​របស់​ WB បាន​លើក​អនុសាសន៍​បន្ថែម​សម្រាប់​ផែនការ CITLS ដោយ​ផ្តោតលើ​ភាព​ចាំបាច់​នៃ​ការវិនិយោគ​និងសកម្មភាព​គោលនយោបាយ​ជា​បន្ទាន់​មួយចំនួន  សម្រាប់​បើកឱកាស​នៅ​តាម​ច្រករបៀង​ដឹកជញ្ជូន​សំខាន់ៗ​ក្នុងប្រទេស​កម្ពុជា៕

你可能还喜欢

评论被关闭。