ធនាគារទូទាត់ប្រាក់យ៉ន់ត្រូវបានដាក់ឱ្យដំណើការជាផ្លូវការនៅកម្ពុជា

នៅព្រឹក​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារ​ទូទាត់​ប្រាក់យ៉ន់ (RMB Clearing Bank)​ ត្រូវបាន​ដាក់ឱ្យ​ដំណើការ​ជាផ្លូវការ​នៅកម្ពុជា ក្រោមវត្តមានរ​បស់​លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ចុង ជា (Zhong Jie) ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​​កម្ពុជា និង លោក លីន ជីងជិន (Lin Jingzhen) នាយក​ប្រតិបត្តិ និងជា​អនុប្រធាន​ប្រតិបត្តិ​នៃធនាគារ​ចិន (Bank of China)។

ដាក់ឱ្យ​ដំណើការ​ជាផ្លូវការ​នូវធនាគារ​ទូទាត់​ប្រាក់យ៉ន់​នៅកម្ពុជា គឺជា​ការបោះជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះទៅរក​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ​រវាង​កម្ពុជា​និងចិន ដែលនឹង​រួមចំណែក​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម ការវិនិយោគ និង ទេសចរណ៍​រវាងប្រទេស​ទាំងពីរ។

លោក លីន ជីងជិន ​មាន​ប្រសាសន៍​ថា កាលពី​ខែធ្នូ ឆ្នាំ២០២៣ ក្រោមការ​ណែនាំ​និងការគាំទ្រ​ពីធនាគារ​កណ្តាល​នៃប្រទេស​ទាំងពីរ ធនាគារចិន​ត្រូវបាន​តែងតាំង​ជាធនាគារ​ទូទាត់​ប្រាក់យ៉ន់​នៅ​កម្ពុជា។

លោកលើកឡើង​ថា ជាមួយ​នឹងការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​ (RCEP) និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន-កម្ពុជា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ នានា​ បានធ្វើឱ្យ​មានការ​កើនឡើង​ខ្លាំង​នៃតម្រូវការ​សម្រាប់​ការសម្របសម្រួល​ការទូទាត់​​ជាប្រាក់យ៉ន់នៅ​កម្ពុជា។ ដូច្នេះ ធនាគារ​ចិន​នឹងប្រើប្រាស់​តួនាទី​របស់​ធនាគារ​ទូទាត់​ប្រាក់យ៉ន់​នេះឱ្យ​សកម្ម ដើម្បី​ផ្តល់ឱ្យ​អ្នកចូលរួម​ទីផ្សារ​នូវជម្រើស​រូបិយបណ្ណ​ទូទាត់​ចម្រុះ បង្កើត​បណ្តាញ​ទូទាត់​ឆ្លងប្រទេស​ដ៏ងាយស្រួល​និងមាន​សុវត្ថិភាព កាត់បន្ថយ​ការចំណាយ​លើការ​ផ្លាស់ប្តូរ​រូបិយបណ្ណ បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ និង លើកកម្ពស់​ការសម្រប​សម្រួល​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ឈានទៅ​ដល់​​កម្រិត​​ថ្មី​មួយទៀត។

លោកស្រី ចុង ជា មាន​ប្រសាសន៍​ថា ប្រទេស​ចិន​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​កម្ពុជា​រយៈពេល ១២ ឆ្នាំ​ជាប់ៗ​គ្នា។ យោងតាម​ស្ថិតិ​របស់​ចិន ពាណិជ្ជកម្ម​ទ្វេភាគី​ចិន-កម្ពុជា​រយៈពេល ១០ ខែ (មករា-តុលា) ដើមឆ្នាំ២០២៤ កើនដល់ ១៤,៤ ប៊ីលាន​ដុល្លារអាម៉េរិក កើនឡើង ១៩% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០២៣។

លោកស្រី​បន្ថែមថា ការនាំចូល​របស់​ប្រទេស​ចិន​ពី​ប្រទេស​កម្ពុជា​បាន​កើនឡើង ២០% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ បើយោងតាម​ស្ថិតិ​កម្ពុជា​ក៏​បង្ហាញ​ដែរ​ថា ចិន​ជា​ប្រភព​វិនិយោគ​បរទេស​ធំ​បំផុត​របស់​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៤ សហគ្រាស​ចិន​បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​វិនិយោគ​នៅកម្ពុជា​ដែលមាន​តម្លៃជិត ៣ ប៊ីលាន​ដុល្លារ​រួចទៅហើយ។

លោកស្រី ចុង ជា បញ្ជាក់ថា ការបង្កើត​ធនាគារ​ទូទាត់​ប្រាក់យ៉ន់​នេះ នឹងជួយ​សម្រួលដល់​ការប្រើប្រាស់​ប្រាក់យ៉ន់​សម្រាប់​សហគ្រាស​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​នៃប្រទេស​ទាំងពីរ​ សម្រាប់​ប្រតិបត្តិការ​ឆ្លងដែន។ ធនាគារ​នេះក៏​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​កាន់​តែ​ច្រើន ហើយដើរតួនាទី​ជា​វិជ្ជមាន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​ប្រទេស​ទាំង​ពីរ។

​លោក រ័ត្ន សុវណ្ណនរៈ មានប្រសាសន៍​ថា ការបង្កើត​ធនាគារ​ទូទាត់​ប្រាក់យ៉ន់​នៅ​កម្ពុជានេះ ​កើតចេញ​ពីគំនិត​ផ្តួចផ្តើម​ដោយថ្នាក់ដឹកនាំ​ធនាគារ​កណ្តាល​ទាំងពីរ គឺធនាគារជាតិ​នៃ​កម្ពុជា​និងធនាគារ​ប្រជាជន​នៃប្រទេសចិន​ បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើអនុស្សរណៈ​នៃការយោគយល់​គ្នា​នៅ​ទីក្រុង​ប៉េកាំង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

លោកបានថ្លែងថា ការបើក​ដំណើរការ​ធនាគារ​ទូទាត់​ប្រាក់យ៉ន់​នៅកម្ពុជា គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយទៀត​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាងកម្ពុជា​និងចិន ដែល​មាន​​ឫសគល់​​យ៉ាង​ជ្រៅ​​រាប់​សតវត្សរ៍​មកហើយ។ ការតភ្ជាប់​ដ៏យូរអង្វែង​នេះបានវិវត្ត​ទៅជា​ភាពជា​ដៃគូ​នាពេល​បច្ចុប្បន្ន ដែលត្រូវបាន​កត់សម្គាល់​ដោយ​ការដោះដូរ​ពាណិជ្ជកម្ម​ដ៏រឹងមាំ ការវិនិយោគ និង កិច្ចសហប្រតិបត្តិការ​លើវិស័យ​ផ្សេងៗ​ជាដើម៕

你可能还喜欢

评论被关闭。