ចិនផ្ដល់សម្ភារៈនគរបាលតម្លៃជាង ៧០ ម៉ឺនដុល្លារដល់ក្រសួងមហាផ្ទៃកម្ពុជា

ក្រសួង​សន្តិសុខ​សាធារណៈ​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន បានផ្ដល់​សម្ភារៈ​នគរបាលដល់ក្រសួង​មហាផ្ទៃ​កម្ពុជា សរុប​ជាទឹកប្រាក់​ស្មើនឹង ៥ លានយ៉ន់ (ប្រមាណ​ជាង ៧០ ម៉ឺន​ដុល្លារអាម៉េរិក)។

ពិធី​ប្រគល់​និងទទួល​ជំនួយ​សម្ភារៈ​នគរបាល​បានធ្វើឡើង​កាលពីរសៀល​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការ​ក្រសួង​មហាផ្ទៃ រាជធានីភ្នំពេញ ក្រោមវត្តមាន​របស់​លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា។

សម្ភារៈ​នគរបាល​ដែលជា​ជំនួយ​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ផ្តល់ជូន​ក្រសួង​មហាផ្ទៃ​កម្ពុជា រួមមាន រថយន្ត​ដឹកកងកម្លាំង​ចំនួន ៦ គ្រឿង​ ដំបង​រលាស់​ចំនួន ៥០០ ដើម ខែល​ចំនួន ៥០០ សម្រាប់ ដំបងឆក់​ចំនួន ៥០០ ដើម ឯកសណ្ឋាន​ប្រឆាំង​បាតុកម្ម​ចំនួន ៥០០ កំប្លេ វ៉ាលី​សុវត្ថិភាព​ការពារ​ថ្នាក់ដឹកនាំ​ចំនួន ២០ វ៉ាលី និង វ៉ាលី​ពិនិត្យ​កន្លែង​កើតហេតុ​ចំនួន ៣០០ វ៉ាលី សរុបជា​ទឹកប្រាក់​ស្មើនឹង ៥ លានយ៉ន់៕

你可能还喜欢

评论被关闭。