សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ព្រែកជីកហ្វូណនតេជោធ្វើឡើងតាមដំណាក់កាល
ឆ្លើយតបនឹងការផ្សព្វផ្សាយថា គម្រោងព្រែកជីកហ្វូណនតេជោកំពុងជាប់គាំងមិនដំណើរការ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានច្រានចោល និងបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តនីតិវិធីតាមដំណាក់កាលៗ ពិសេសការដោះស្រាយផលប៉ះពាល់ពាក់ព័ន្ធ នឹងគម្រោងព្រែកជីកនេះ។
សម្ដេចធិបតី បានលើកឡើងពីបញ្ហាគម្រោងព្រែកជីកហ្វូណនតេជោនៅក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដោយសម្តេចបានលើកឡើងថា អ្នកនយោបាយខ្លះដឹងរឿង ប៉ុន្តែនៅតែព្យាយាមនិយាយភូតភរ និងបំភ័យប្រជាពលរដ្ឋខ្មែរ។ ក្នុងគោលបំណងធ្វើឱ្យប្រជាជនព្រួយបារម្ភ ធ្វើឱ្យមានមន្ទិលសង្ស័យគ្នាឯង អត់ឱ្យមានការឯកភាពជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការជាប់គាំងអ្វីឡើយ ពោលគឺរាជរដ្ឋាភិបាលបាននិងកំពុងតែអនុវត្តនីតិវិធីតាមដំណាក់កាលៗ ពិសេសគឺការដោះស្រាយផលប៉ះពាល់ដែលពាក់ព័ន្ធនឹងគម្រោងនេះ។
គួរម្លឹកថា ព្រែកជីកហ្វូណនតេជោបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ព្រែកជីកនេះមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់ខេត្តចំនួន ៤ រួមមានខេត្តកណ្ដាល តាកែវ កំពត និង ខេត្តកែប។
ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤
គម្រោងព្រែកជីកហ្វូណនតេជោ សាងសង់ស្ទើទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ ផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និង ផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។ ក្នុងនោះ កំណាត់ទី១ មានចម្ងាយ ២៦ គីឡូម៉ែត្រ (ពីព្រែកតាកែវទៅទន្លេបាសាក់) នឹងត្រូវវិនិយោគ ១០០% ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី២ ដែលមានចម្ងាយ ១៥៩ គីឡូម៉ែត្រ (ពីទន្លេបាសាក់ខេត្តតាកែវរហូតដល់ខេត្តកែប) នឹងត្រូវវិនិយោគរួមគ្នារវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC) នៃសាធារណរដ្ឋប្រជាមានិតចិន។
គម្រោងនេះនឹងត្រូវប្រើពេលសាងសង់ ៤៨ ខែ (៤ឆ្នាំ) នឹងគ្រោងបញ្ចប់នៅឆ្នាំ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ប៊ីលានដុល្លារអាម៉េរិក៕
评论被关闭。