សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារប្រទេសវៀតណាម
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក លោក ហ្វាន វ៉ាន់ហ្សាង បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងជឿជាក់ថាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើនកាន់តែប្រសើរថែមទៀត ហើយទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជានឹងកាន់តែរឹងមាំបន្ថែមទៀត។
លោក លោក ហ្វាន វ៉ាន់ហ្សាង ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ។ លោកក៏បានជម្រាបជូនសម្ដេចធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនិងទំនាក់ទំនងដ៏ល្អប្រសើររវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺនដល់នាយទាហាននិងសិក្ខាកាមកម្ពុជានាពេលកន្លងមក និងការសម្របសម្រួលដើម្បីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពកម្ពុជាមកកាន់មាតុប្រទេសវិញ និងត្រូវបានបញ្ចុះនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦។
សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាម ក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា។ សម្តេចក៏បានលើកទឹកចិត្តឱ្យក្រសួងការពារជាតិនៃប្រទសទាំងពីរ បន្តជំរុញការពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត តាមរយៈការផ្ដួចផ្ដើមឱ្យមានសកម្មភាពថ្មីៗបន្ថែមទៀត៕
评论被关闭。