គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូនិងបទពិសោធន៍ដែលបណ្តាប្រទេសនានារៀនសូត្រតាម
លោក Dev Rej Ghimire ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានលើកឡើងថា ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសនានានៅលើពិភពលោក។
ការលើកឡើងនេះធ្វើឡើងនាឱកាសដែលលោក Dev Rej Ghimire បានដឹកនាំគណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។
លោក Dev Rej Ghimire បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព លើកទី១១ (IPTP 11)។ លោកក៏បានកត់សម្គាល់ថា កម្ពុជាជាប្រទេសដែលធ្លាប់រងគ្រោះដោយសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបានឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ប៉ុន្តែតាមរយៈការទទួលបានសុខសន្ដិភាពពេញលេញ កម្ពុជាបានកសាងប្រទេសឱ្យមានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ដែលវាមិនមែនជារឿងងាយស្រួលនោះទេ។ ដំណើរឈានទៅរកការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងដំណើរការនៃការស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូនិងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះលោក Dev Rej Ghimire និងគណៈប្រតិភូ IPTP ទាំងអស់ដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គ IPTP លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ IPTP ដែលជាវេទិកាមួយដ៏ល្អសម្រាប់ជួយកសាងបណ្ដាញរវាងប្រទេសក្នុងតំបន់ និងសកលលោក ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងសភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិបាល ព្រមទាំងរវាងគណបក្សនិងគណបក្ស សំដៅរួបរួមគ្នានិងជួយគ្នាទៅវិញទៅមកក្នុងពេលចាំបាច់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ពីដំណើរការនៃការស្វែងរកសុខសន្ដិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ដោយសម្ដេចបានសង្កត់ធ្ងន់ថា នៅពេលអវត្តមាននូវសន្ដិភាព នោះប្រទេសជាតិ នឹងត្រូវបានបំផ្លិចបំផ្លាញ តែនៅពេលដែលប្រទេសជាតិទទួលបានសុខសន្ដិភាពពេញលេញ នោះប្រទេសនឹងមានការរីកចម្រើននិងការអភិវឌ្ឍលើគ្រប់វិស័យ៕
评论被关闭。