សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យគ្រប់ប្រទេសរួមគ្នាកសាងពិភពលោកដែលគ្មានមីន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អំពាវនាវ​គ្រប់ប្រទេស​ទាំងអស់​រួមគ្នា​អនុវត្ត​អនុសញ្ញា​អូតាវ៉ា ដើម្បី​កសាង​ពិភពលោក​មួយដែលមាន​សុវត្ថិភាព ​និងគ្មានមីន មិនមែន​សម្រាប់តែ​បច្ចុប្បន្ន​នោះទេ ប៉ុន្តែ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការ​អំពាវនាវ​បែបនេះ​ក្នុងពេល​ដែលសម្តេច​អញ្ជើញជា​អធិបតី​ក្នុងពិធី​បើកកិច្ចប្រជុំ​កំពូល​សៀមរាប-អង្គរ ស្តីពី​ពិភពលោក​គ្មានមីន នាព្រឹក​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤​ នៅខេត្ត​សៀមរាប។

សម្ដេចធិបតី​បានចាត់ទុក​អនុសញ្ញា​អូតាវ៉ា​ពិតជា​មានសារៈ​សំខាន់​ខ្លាំងណាស់ ហើយបាន​ក្លាយជា​បទដ្ឋាន​សកល​មួយ​ក្នុងការ​ប្រឆាំង​នឹង​ការប្រើប្រាស់​អាវុធ​បែបនេះ និងជា​បង្គោល​នៃក្តីសង្ឃឹម​សម្រាប់​ប្រទេស​ដែលរង​ផលប៉ះពាល់។ ទាំងអ្នក​វិនិយោគ​និងអ្នកទេសចរ​នឹងមិនមក​ប្រទេស​ដែលមាន​សញ្ញា​ក្រហម «ប្រយ័ត្ន​គ្រាប់មីន» នោះទេ។ យើងត្រូវ​បញ្ជាក់​ឡើងវិញ​នូវការ​រួបរួមគ្នា​ក្រោមអនុសញ្ញា​អូតាវ៉ា​ដែលជា​ឯកសារ​ដ៏សំខាន់​រួម​របស់​មនុស្សជាតិ។ កម្ពុជា​អំពាវនាវ​ឱ្យគ្រប់​ប្រទេស​ទាំងអស់​ចូលរួម​ជាមួយ​យើង​ក្នុងបេសកកម្ម​នេះ គឺដើម្បី​កសាង​ពិភពលោក​មួយ​ដែលមាន​សុវត្ថិភាពនិង​សន្តិភាព​ជាងមុន នេះមិនមែន​សម្រាប់​តែបច្ចុប្បន្ន​នេះប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត។ ដូច្នេះ ការណ៍ដែល​ទាំងអស់គ្នា​អនុវត្ត​ការប្តេជ្ញាចិត្ត​នេះ មិនត្រឹមតែ​ជាគោលដៅ​សម្រាប់​មនុស្ស​ជំនាន់នេះ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ជា​ការសន្យា​សម្រាប់​អ្នកជំនាន់ក្រោយ​ផងដែរ។

សូមរម្លឹកថា អនុសញ្ញា​អូតាវ៉ា គឺជា​អនុសញ្ញា​អង្គការ​សហប្រជាជាតិ (UN) ស្តីពី​ការហាមឃាត់​ការប្រើប្រាស់ ការរក្សាទុក ការផលិត និង ការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស​លោក​។ អនុសញ្ញា​អូតាវ៉ា​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ១៩៩៩ ហើយអនុសញ្ញា​នេះមាន​រដ្ឋ​​ភាគី​ចំនួន ១៦៤ ប្រទេសនិងមាន​អង្គការ​សង្គមស៊ីវិល​ជាច្រើន​ជាសមាជិក​និងជា​​ដៃ​គូ​។ អនុសញ្ញា​នេះមានគោលដៅបញ្ចប់នូវ​ទុក្ខសោក​វេទនា​​របស់​ប្រជាពល​រដ្ឋ​​នៅលើ​ទូទាំង​ពិភពលោក ដែលបង្កើតឡើង​ដោយសំណល់​ជាតិផ្ទុះ​ពីសង្គ្រាម៕

你可能还喜欢

评论被关闭。