ព្រឹទ្ធសភាកម្ពុជាបោះឆ្នោតជ្រើសតាំងអនុប្រធានទី១ និងអនុប្រធានទី២ ថ្មី

នារសៀល​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រឹទ្ធសភា​កម្ពុជា​បានបើកសម័យ​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​លើកទី២ នីតិកាល​ទី៥ និង​បោះឆ្នោត​ជ្រើសរើស​​អនុប្រធាន​ទី១ និងអនុប្រធាន​ទី២នៃ​ព្រឹទ្ធសភា ក្រោមអធិបតីភាព​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងមាន​វត្តមាន​សមាជិក​ចំនួន ៥៨ រូប​ចូលរួម។

ជាលទ្ធផល លោក អ៊ុច បូររិទ្ធ ដែលជា (អតីត) អនុប្រធាន​ទី២​ព្រឹទ្ធសភា ត្រូវបាន​ជ្រើសរើស​ជាអនុប្រធាន​ទី១ ខណៈ​លោក ធន់ វឌ្ឍនា ត្រូវបាន​ជ្រើសរើស​ជាអនុប្រធាន​ទី២នៃព្រឹទ្ធសភា។

ការបោះឆ្នោត​ជ្រើសរើស​តំណែង​អនុប្រធាន​ទី១ និងអនុប្រធាន​ទី២នៃ​ព្រឹទ្ធសភានេះ ធ្វើឡើង​ក្រោយលោក ប្រាក់ សុខុន អតីត​អនុប្រធានទី១ ​ព្រឹទ្ធសភា ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ លុបឈ្មោះ​លោក ពី​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​លោកត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឱ្យទៅកាន់​តំណែង​ជាឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ (តំណែងចាស់) ជំនួស​លោក សុខ ចិន្តាសោភា តាមសំណើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

ដោយឡែក ក្រៅពី​បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ទាំងពីរ​នៃព្រឹទ្ធសភា សម័យ​ប្រជុំ​ពេញអង្គ​ក៏បានប្រកាស​ទទួលស្គាល់​លោក ង៉ែត ចដ្តាវី ជាសមាជិក​ព្រឹទ្ធសភា​ថ្មីរបស់​គណបក្ស​ប្រជាជន​កម្ពុជា នៅមណ្ឌល​ភូមិភាគ​ទី១ រាជធានី​ភ្នំពេញ ជំនួស​លោក ប្រាក់ សុខុន ព្រមទាំង​បោះឆ្នោត​ជ្រើសរើសលោក យស ផានីត្តា​ ជាសមាជិក​គណៈកម្មការ​ទី២នៃ​ព្រឹទ្ធសភា នីតិកាល​ទី៥ផងដែរ៕

你可能还喜欢

评论被关闭。