ប្រធានវិទ្យាស្ថាន KSI បង្ហាញពីភាពជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) បង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យនិងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កម្ពុជានឹងបន្តអភិវឌ្ឍនិងរីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀតនាពេលអនាគត។
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបនិងពិភាក្សាការងារជាមួយលោក តាន់ស្រ៊ី មីសែល យ៉ាវ ( Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថាន KSI នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
នៅក្នុងឱកាសនៃជំនួប លោក តាន់ស្រ៊ី មីសែល យ៉ាវ បានលើកឡើងអំពីដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូល “សេដ្ឋកិច្ចនិងបច្ចេកវិទ្យាចិនសកល” ឆ្នាំ២០២៤ នៅកម្ពុជា ដែលមានការចូលរួមពីធុរជនជាច្រើនមកពីទ្វីបអឺរ៉ុប អាស៊ី និង បណ្ដាប្រទេសធំៗជាច្រើនទៀត ដូចជាចក្រភពអង់គ្លេស អាល្លឺម៉ង់ អូស្រ្ដាលី ជប៉ុន ចិន និង បណ្ដាប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ាន ដែលកិច្ចប្រជុំកំពូលនេះមានគោលបំណងបង្កើតជាវេទិកាមួយ ដើម្បីផ្ដល់ឱកាសដល់ធុរជននិងវិនិយោគិនបរទេស បានស្វែងយល់កាន់តែច្បាស់ថែមទៀតអំពីកាលានុវត្តភាព និងសក្ដានុពលនៃការវិនិយោគនៅកម្ពុជា ហើយបណ្ដាវិនិយោគិនដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះ ក៏មានបំណងវិនិយោគនៅកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ថា វិទ្យាស្ថាន KSI នឹងអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ហើយលោកមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យនិងភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងបន្តអភិវឌ្ឍនិងរីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀតនាពេលអនាគត។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ដល់វិទ្យាស្ថាន KSI ដែលបានរៀបចំកិច្ចប្រជុំកំពូល “សេដ្ឋកិច្ចនិងបច្ចេកវិទ្យាចិនសកល” ឆ្នាំ២០២៤ នៅកម្ពុជា។
សម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព។ ការជំរុញកំណើនសេដ្ឋកិច្ច គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយវិស័យឯកជនបានដើរតួនាទីគន្លឹះក្នុងការបង្កើតការងារ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែល្អប្រសើរ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ យន្តការចាំបាច់នានា និង ការលើកទឹកចិត្ត ដើម្បីធានាបរិយាកាសវិនិយោគប្រកបដោយភាពប្រកួតប្រជែងនិងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី សំដៅធានានូវភាពជោគជ័យ និងកាលានុវត្តភាពកាន់តែច្រើនថែមទៀតសម្រាប់ការវិនិយោគនៅកម្ពុជា៕
评论被关闭。