ក្រសួងការបរទេសកម្ពុជាចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ កិច្ចព្រមព្រៀងលើបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួង​​ការបរទេស​​និង​សហ​ប្រតិបត្តិការ​​អន្តរជាតិ​​កម្ពុជា បាន​ចេញ​សេចក្តី​​ថ្លែងការណ៍​​ស្វាគមន៍​​កិច្ច​ព្រមព្រៀង​លើ​បទឈប់​បាញ់​​រវាង​​ប្រទេស​​អ៊ីស្រាអែល​ និង​ប្រទេស​​លីបង់ ដែលអ៊ីស្រាអែល ​និង​លីបង់​បាន​ប្រកាស​​កាល​ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុង​​សេចក្តី​ថ្លែង​ការណ៍​នោះ ក្រសួង​​ការ​បរទេស​​និង​សហប្រតិបត្តិការ​​អន្តរជាតិ​​កម្ពុជា បាន​បង្ហាញ​នូវ​​ក្តី​សង្ឃឹម​ថា កិច្ច​ព្រមព្រៀង​លើបទឈប់​បាញ់​រវាង​​ប្រទេស​​អ៊ីស្រាអែល ​និង​ប្រទេស​​លីបង់ នឹង​នាំ​ទៅ​ដល់​​ការ​បញ្ឈប់​​ជា​អចិន្ត្រៃយ៍​​នៃ​ការប្រយុទ្ធ​គ្នា​​ឆ្លង​ព្រំដែន​​រវាង​​ប្រទេសទាំងពីរ។

គួររម្លឹកថា ដោយ​មានការ​​សម្របសម្រួល​​ពីសំណាក់​​សហ​រដ្ឋ​អាម៉េរិក ​និង​​បារាំង គណៈ​រដ្ឋមន្ត្រី​​អ៊ីស្រាអែល​​បានយល់ព្រម​​លើបទ​ឈប់បាញ់​​ជា​មួយ​ក្រុម​ហេស​បូឡា​លី​បង់ ដែល​បទឈប់​បាញ់​​នេះ​បាន​ចូល​​ជា​ធរមាន​​នៅ​ម៉ោង ៤ ព្រឹក​​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាម​រយៈ​​បទឈប់​បាញ់​នេះ កងទ័ព​​អ៊ីស្រាអែល​​នឹង​ត្រូវ​​ដកចេញ​​ពីភាគ​ខាងត្បូង​​ប្រទេ​ស​​លីបង់ ហើយ​ក្រុមហេសបូឡា​​ក៏​នឹង​​ដកថយ​​ចេញ​ពី​​ភាគខាង​ជើង​ទន្លេ Litani ដូចគ្នា។

អំពើ​​ហិង្សា​រវាង​អ៊ីស្រាអែល ​និង​លីបង់ ផ្តើមឡើង​​ក្រោយពេល​​ក្រុមហេសបូឡា​​បើក​ការ​​វាយ​ប្រហារ​​ទៅ​លើ​អ៊ីស្រាអែល​​កាល​ពី​​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដែលរហូត​​មកដល់​​ពេលនេះ​​មាន​រយៈ​ពេល​​ជាង​មួយ​​ឆ្នាំ​ហើយ។ ចាប់តាំង​ពី​​ការ​បើក​​ការ​វាយប្រហារ​​គ្នា​ទៅ​វិញ​​ទៅ​មក អ៊ីស្រាអែល​​បាន​សម្លាប់​​ប្រជាជន​​លីបង់​ចំនួន ៣ ៧៦៨ នាក់ និង​បង្ខំ​​ឱ្យ​មនុស្ស ១,២ លាននាក់​​ទៀត​​ត្រូវ​​បង្ខំ​ចិត្ត​​ជម្លៀស​ខ្លួន​​ដោយសារ​​តែ​សង្គ្រាម​​រវាង​​អ៊ីស្រាអែល​ ​និង​លីបង់​​ដ៏សាហាវ​នេះ៕

你可能还喜欢

评论被关闭。