ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជាជាផ្លូវការ
នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដើម្បីទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ប្រព័ន្ធ cdcIPM ផ្ដល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាតម្លាភាព និងប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា ប្រព័ន្ធ cdcIPM ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងការបំពេញព័ត៌មានស្នើសុំការវិនិយោគ ហើយអាចតាមដានដោយខ្លួនឯងទៅលើដំណើរការនៃការស្នើសុំគម្រោងវិនិយោគ ព្រោះ cdcIPM ជាប្រព័ន្ធរស់រវើក អ្នកវិនិយោគអាចតាមដានគ្រប់ជំហាន។
លោកបានបន្ថែមថា ប្រព័ន្ធ cdcIPM នឹងធ្វើការតភ្ជាប់ជាមួយក្រសួងស្ថាប័នផ្សេងៗទៀត ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់ ស្ថាប័នពន្ធដារ គយ និង ស្ថាប័នមួយចំនួនទៀត ដែលនឹងប្រើពេល ៦ ខែ។
សភាពាណិជ្ជកម្មកម្ពុជា សមាគមឧកញ៉ាកម្ពុជា និង វិនិយោគិន ធុរជន បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះវត្តមានរបស់ប្រព័ន្ធ cdcIPM ដោយបានចាត់ទុកប្រព័ន្ធនេះនឹងជួយសម្រួលនិងលើកកម្ពស់ប្រសិទ្ធភាពនៃការដាក់ពាក្យស្នើសុំគម្រោងវិនិយោគនានានៅក្នុងប្រទេសកម្ពុជា ដែលអាចជួយទាក់ទាញវិនិយោគិនកាន់តែច្រើនថែមទៀត និងជាចំណែកមួយដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៤ គម្រោងវិនិយោគចំនួន ៣៧៩ ត្រូវបានអនុម័ត ជាមួយទុនវិនិយោគប្រមាណ ៦ ប៊ីលានដុល្លារអាម៉េរិក៕
评论被关闭。