ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន ជួបសំណេះសំណាលជាមួយយុវជនកម្ពុជាសែស្រឡាយចិន

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានថ្លែងថា ចិននិង​កម្ពុជាគឺជា​មិត្តដែកថែប​នឹងគ្នា ហើយយុវជន​កម្ពុជាសែស្រឡាយចិនគឺជា​តួអង្គ​ដ៏សំខាន់​មួយនៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ចិន។

លោក វ៉ាង វិនពីន បានលើកឡើង​បែបនេះ​នៅក្នុង​ជំនួប​សំណេះ​សំណាល​​ជាមួយ​យុវជន​សែស្រឡាយចិន​ នាព្រឹក​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​ទីស្នាក់ការ​សមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅ​កម្ពុជា រាជធានីភ្នំពេញ ដោយមាន​វត្តមាន​របស់​លោកអ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​សមាគមសម្ព័ន្ធ​ខ្មែរចិន​នៅ​កម្ពុជា​ផងដែរ និង​ថ្នាក់ដឹកនាំ​​ស្ថានទូតចិន​ប្រចាំ​កម្ពុជា ថ្នាក់ដឹកនាំ​និងសមាជិក​​សមាគមសម្ព័ន្ធ​ខ្មែរចិន​នៅ​កម្ពុជា តំណាងសមាគម សារព័ត៌មានចិននៅកម្ពុជា ព្រមទាំង​យុវជន​សែស្រឡាយចិន និង ធុរជន​ជាច្រើន​រូបទៀត។

លោក វ៉ាង វិនពីន មានប្រសាសន៍​ថា ស្ថានទូតចិន​ប្រចាំ​កម្ពុជា​ជានិច្ចកាលតែងតែ​គាំទ្រការអភិវឌ្ឍ​របស់​មជ្ឈដ្ឋាន​ជនជាតិចិន​នៅប្រទេស​កម្ពុជា និងជឿជាក់​ថាពួកគេ​​ខិតខំ​ប្រឹងប្រែង​ដោយ​បុរេសកម្ម​ក្នុងការ​ជំរុញ​ទំនាក់ទំនង​មិត្តភាព​រវាងចិននិង​កម្ពុជា​ឱ្យមាន​លក្ខណៈ​កាន់តែ​​ស៊ីជម្រៅ។ ទំនាក់ទំនង​ចិន-កម្ពុជា​បានឈាន​ចូលដល់​យុគសម័យថ្មីមួយ ដែលភាគី​ទាំងសងខាង​រួមគ្នា​កសាង​សហគមន៍​វាសនារួម​ប្រកបដោយ​គុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់។ ជាពិសេស យុវជន​កម្ពុជា​ដែលមាន​សែស្រឡាយចិន ​គឺជា​ចំណែក​​ដ៏សំខាន់​នៃទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា ដូច្នេះ​គប្បី​ចូលរួមដោយ​សកម្ម​ក្នុងការ​ជំរុញ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ចិន​ឱ្យកាន់តែ​រឹងមាំ​និងល្អប្រសើរ​ថែមទៀត។

ទន្ទឹមនឹងនេះ លោក វ៉ាង វិនពីន ក៏បាន​លើកទឹកចិត្ត​ដល់​យុវជន ធុរជន និង វិនិយោគិន​កម្ពុជា​ទាំងអស់ ធ្វើយ៉ាងណា​ចូលរួម​កម្មវិធី​ពិព័រណ៍​នៅប្រទេស​ចិនឱ្យបានច្រើន​ទៅតាម​លទ្ធភាព​ដែលអាច​ធ្វើទៅបាន ដើម្បី​ជាប្រយោជន៍​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​តាមរយៈ​ពិព័រណ៍​ទាំងនេះ។

ឆ្លៀតក្នុង​ឱកាស​នេះ​ផងដែរ លោក វ៉ាង វិនពីន ក៏បាន​ជំរុញ​​ឱ្យយុវជន​ជំនាន់ថ្មី​បន្ត​ផ្សព្វផ្សាយ​ប្រពៃណី​ដ៏ល្អផូរផង់​របស់​​អ្នកជំនាន់មុន​ ដើម្បី​រក្សា​កិច្ចសហប្រតិបត្តិការ​និងសាមគ្គីភាពក្នុងការ​រួមគ្នា​ជំរុញ​ការអភិវឌ្ឍសង្គម​នៅកម្ពុជា។

មានប្រសាសន៍​នៅក្នុង​ពិធី​សំណេះ​សំណាល​នេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានកោតសរសើរ​និង​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​លោក វ៉ាង វិនពីន និងថ្នាក់ដឹកនាំ​នៃស្ថានទូតចិន​ប្រចាំ​កម្ពុជា ដែលតែងតែ​យកចិត្តទុកដាក់​និងគាំទ្រ​យ៉ាងពេញ​ទំហឹង​ដល់ការ​អភិវឌ្ឍ​របស់​យុវជនសែស្រឡាយចិន​នៅ​កម្ពុជា។

លោកបាន​សង្កត់ធ្ងន់​ថា យុវជន​សែស្រឡាយចិន​គឺជា​ក្តីសង្ឃឹម​របស់​ជាតិ ត្រូវ​បន្តផ្សព្វផ្សាយ​វប្បធម៌ចិននៅក្នុង​ប្រទេស​កម្ពុជា​ក្រោមបរិបទ​ពិពិធកម្ម​វប្បធម៌ ហើយត្រូវ​ធ្វើសមាហរណកម្ម​ដោយសកម្ម​ជាមួយសង្គម​បច្ចុប្បន្ន ដើម្បី​ក្លាយជា​ស្ពាននៃ​ទំនាក់​ទំនងល្អ​រវាង​កម្ពុជា-ចិន។ បច្ចុប្បន្ននេះ យុវជន​សែស្រឡាយចិន​ជាច្រើន​ដែលមាន​កំណើត​កើតនៅ​កម្ពុជាសុទ្ធតែ​មានចំណេះដឹង​លើពីរភាសា​ គឺភាសា​ខ្មែរនិង​ភាសាចិន ហើយពួកគេ​បាន​ចូលរួម​ប្រឡូក​ក្នុង​គ្រប់វិស័យ​ ដោយបាន​ចូលរួម​ជាវិភាគទាន​ដ៏សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​មាតុភូមិ។

លោកអ្នកឧកញ៉ា ពុង ឃាវសែ មានប្រសាសន៍​ទៀតថា យុវជន​សែស្រឡាយចិន​គឺជា​ធនធាន​ដ៏សំខាន់​មួយក្នុងការ​ទាក់ទាញ​ប្រភព​វិនិយោគ ដៃគូពាណិជ្ជកម្ម និង វិនិយោគិនចិន ឱ្យចូលមក​បណ្តាក់ទុន​វិនិយោគ​នៅប្រទេស​កម្ពុជា។ ជាក់ស្តែង ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​និងចិន​បានពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ជាច្រើន ហើយយុវជន​សែស្រឡាយចិន​គឺជា​តួអង្គដ៏សំខាន់​មួយដែល​ពុំអាច​ខ្វះបានក្នុងកិច្ចការ​នេះ។ ដូច្នេះហើយ​ទើប​សមាគមសម្ព័ន្ធ​ខ្មែរចិន​នៅ​កម្ពុជា​បាននិង​កំពុងតែ​យកចិត្ត​ទុកដាក់​ខ្ពស់ចំពោះ​ការបណ្តុះបណ្តាល​ស្រទាប់​យុវជន ដោយបាន​បង្កើត​របប​ប្រធាន​ប្តូរវេន​ទាំងចាស់ទាំងយុវជន ដើម្បី​ជំរុញ​កម្លាំង​ចលករ​របស់​យុវជន​ឱកាន់តែ​មានភាព​រស់រវើក​បន្ថែម​ទៀត។

នៅក្នុង​ពិធី​សំណេះសំណាល​នេះផងដែរ តំណាង​យុវជន​នៃសមាគម​សម្ព័ន្ធ​ខ្មែរចិន​នៅកម្ពុជា​ជាច្រើនរូប ក៏បាន​លើកឡើង​អំពី​ការផ្សព្វផ្សាយ​វប្បធម៌​ចិន​នៅកម្ពុជា ការចូលរួម​របស់​យុវជន​សែស្រឡាយចិន​ ក្នុងការ​រក្សា​ស្ថិរភាព​និង​សុខដុមរមនា​សង្គម​និងការអភិវឌ្ឍ​វិស័យ​អប់រំ​និងបច្ចេកវិទ្យា ការអំពាវនាវ​យុវជន​សែស្រឡាយចិន​ចូលរួមក្នុងសហគមចិន​ឱ្យបាន​កាន់តែ​ច្រើន ស្ថានភាព​វិស័យ​អប់រំ​ភាសាចិន​នៅ​កម្ពុជា ការនាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន តួនាទី​សំខាន់​របស់​សមាគម​ចិន​នានា​នៅកម្ពុជា​ក្នុងការជំរុញ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ចិន និង តួនាទី​សំខាន់​របស់​បណ្តាញ​សារព័ត៌មាន​ភាសាចិន​ និង​យុវជន​ក្នុងប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយ​ពីប្រវត្តិ​ដូនតា​និងអ្នកជំនាន់មុន។

ពិធី​សំណេះ​សំណាល​រវាង​លោកឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា វ៉ាង វិនពីន ជាមួយ​យុវជន​សែស្រឡាយចិន​នេះ បានផ្តល់​នូវធាតុចូល​សំខាន់ៗ​ជាច្រើន​ដល់​ភាគី​ពាក់ព័ន្ធ សម្រាប់​ដោះស្រាយ​រាល់បញ្ហា​ប្រឈម​ ដើម្បី​ជាប្រយោជន៍​ក្នុងការ​ពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការ​និងទំនាក់​ទំនង​មិត្តភាព​កម្ពុជា-ចិន៕

你可能还喜欢

评论被关闭。