ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុន YCH Group បាន​បង្ហាញ​​បំណង​​វិនិយោគ​​លើ​ហេដ្ឋារ​ចនាសម្ព័ន្ធ​​តភ្ជាប់​​នៅកម្ពុជា ដែល​សំដៅ​​លើ​វិស័យ​​ដឹកជញ្ជូន​ និង​ឡូជីស្ទីក។

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Robert Yap ប្រធាន​​ក្រុមប្រឹក្សា​​ភិបាល​​នៃ​ក្រុមហ៊ុន YCH Group បានចូលជួប​​សម្ដែង​​ការ​គួរសម និង​ពិភាក្សា​​ការងារ​ជាមួយ​​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​​កម្ពុជា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ និងបាន​លើក​ឡើង​​ពី​គោល​បំណង​​វិនិយោគ​​ខាងលើ។

លោក Robert Yap បាន​ជម្រាប​​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត អំពី​​អាជីវ​កម្ម​​របស់​​ក្រុមហ៊ុន​​ដែល​កំពុង​​ប្រតិបត្តិការ​​នៅតាម​​បណ្ដា​​ប្រទេស​​ចំនួន១៦ ហើយ​ក្រុមហ៊ុន​​មាន​ឧត្តមានុភាព​​លើផ្នែក​​ដឹក​ជញ្ជូន​ និង​ឡូជីស្ទីក ដែល​បាន​​ធ្វើ​ឱ្យ​​ក្រុមហ៊ុន​​ប្រែក្លាយ​​ជា​ក្រុមហ៊ុន​​ឈាន​មុខ​​មួយ​នៅ​ក្នុង​​ខ្សែច្រវាក់​​ផ្គត់ផ្គង់​​សម្រាប់​​តំបន់​​អាស៊ី។

លោក​ក៏​បាន​​សម្ដែង​នូវ​​ចំណាប់​​អារម្មណ៍​​យ៉ាងខ្លាំង​​ចំពោះ​​កម្ពុជា ដែល​សម្រេច​​បាន​នូវ​កំណើន​​សេដ្ឋកិច្ច​​មួយ​ដ៏​ខ្ពស់​​ប្រកប​ដោយ​​ចីរភាព ហើយ​តាម​រយៈ​​នេះ ក្រុមហ៊ុន​​ក៏​បាន​​សម្លឹង​ឃើញ​​នូវ​កាលានុវត្តភាព ​និង​​សក្ដានុពល​​ជា​ច្រើន​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​​ផងដែរ ដោយ​ក្រុមហ៊ុន​​បាន​បង្ហាញ​​បំណង​​វិនិយោគ​​ទៅ​លើ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​តភ្ជាប់​ ដែល​រួមមាន​​វិស័យ​​ដឹក​ជញ្ជូន ​និង​​ឡូជីស្ទីក​​ជាដើម។

ជាការ​ឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​សម្តែង​នូវ​ក្តី​សោមនស្ស​​រីករាយ​​ចំពោះ​​ក្រុមហ៊ុន​ ដែល​មាន​​ចំណាប់​​អារម្មណ៍​​នៅ​ក្នុង​ការ​ស្វែងរក​​ឱកាស​​វិនិយោគ​​លើ​ហេដ្ឋា​រចនា​សម័្ពន្ធ​​តភ្ជាប់​​នៅ​កម្ពុជា។

សម្ដេចធិបតី​ បាន​គូស​បញ្ជាក់​​អំពី​​សារៈ​សំខាន់​ ​នៃ​ប្រព័ន្ធ​​ហេដ្ឋា​រចនា​សម័្ពន្ធ​​តភ្ជាប់ ដែល​ធានា​​បាន​នូវ​​ភាព​ប្រកួត​​ប្រជែង​​របស់​​កម្ពុជា​​ទាំង​នៅ​ក្នុង​​តំបន់ ​និង​ពិភព​លោក។ ក្នុង​ន័យ​នេះ រាជ​រដ្ឋាភិបាល​​កម្ពុជា​បាន​យក​ចិត្ត​​ទុក​ដាក់​​យ៉ាង​ខ្លាំង​​លើ​ការ​​កសាង​​ប្រព័ន្ធ​​ហេដ្ឋា​រចនា​សម័្ពន្ធ​​តភ្ជាប់ ដើម្បី​​គាំទ្រ​​ទៅដល់​​វិស័យ​​ដឹក​ជញ្ជូន​ និង​ឡូជីស្ទីក មាន​ជា​អាទិ៍៖ អាកាស​យានដ្ឋាន​​អន្តរជាតិ កំពង់ផែ​​ទឹកជ្រៅ ផ្លូវ​ល្បឿនលឿន ការ​លើកកម្ពស់​​គុណភាព​​ផ្លូវដែក និង ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ ស្ពាន ថ្នល់​ជាច្រើន​​ទៀត។ សម្ដេច​​ក៏បាន​​គូស​បញ្ជាក់​​បន្ថែមថា ទន្ទឹម​នឹង​​ការ​ទាក់ទាញ​​វិនិយោ​គិន​​ថ្មីៗ​​មក​​កម្ពុជា រាជ​រដ្ឋាភិបាល​​តែងតែ​​យកចិត្តទុក​ដាក់​ជាអាទិភាព​​ចំពោះ​​ការ​ធានា​​ឱ្យបាន​​នូវ​បរិយាកាស​​អំណោយ​ផល ភាព​ប្រកួត​​ប្រជែង ភាព​រីកចម្រើន និង ភាព​ជោគ​ជ័យ​​របស់​​វិស័យ​ឯកជន ដែល​កំពុង​តែ​មាន​ប្រតិបត្តិការ​​អាជីវ​កម្ម​ និង​​វិនិយោគ​​នៅ​កម្ពុជា។

ជាមួយគ្នានេះ​ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​​លើកទឹកចិត្ត​​ឱ្យ​ក្រុមហ៊ុន​​បន្ត​​ពិភាក្សា​​ឱ្យបាន​​លម្អិត​​​ និង​គ្រប់​ជ្រុងជ្រោយ​​បន្ថែម​ទៀត​​ជាមួយ នឹង​ក្រសួង​-​ស្ថាប័ន​​ពាក់ព័ន្ធ​​របស់​​រាជ​រដ្ឋាភិបាល ក្នុងការ​​រៀបចំ​ផែនការ​​អាជីវ​កម្ម​​សម្រាប់​​ពេល​អនាគត​​របស់​​ក្រុមហ៊ុន​៕

你可能还喜欢

评论被关闭。