ប្រមុខការទូតកម្ពុជា-ចិនជួបពិភាក្សាការងារទ្វេភាគីនៅរដ្ឋធានីប៉េកាំង ប្រទេសចិន

នៅល្ងាច​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក​ឧបនាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋ​ម​ន្ត្រី​​ក្រសួង​ការ​បរទេស ​និង​សហ​ប្រតិបត្តិការ​​អន្តរជាតិ​​នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា បានជួប​​ពិភាក្សា​​​ទ្វេភាគី​​ជា​មួយ​​លោក វ៉ាង យី (Wang Yi) រដ្ឋ​មន្រ្តី​​ក្រសួង​​ការ​បរទេស ​នៃ​សាធារណ​រដ្ឋ​​ប្រជាមានិត​ចិន នៅ​រដ្ឋ​ធានី​ប៉េកាំង។

ជំនួប​​ទ្វេភាគី​នេះ ធ្វើឡើង​​នា​អំឡុង​ពេល​លោក ប្រាក់ សុខុន កំពុង​​បំពេញ​​ទស្សន​កិច្ច​​ផ្លូវ​ការ​​នៅ​ប្រទេស​ចិន និង​ដើម្បី​​ពង្រឹង​​បន្ថែម​ទៀត​​នូវ​ទំនាក់​ទំនង​​ដ៏យូរ​អង្វែង ​និង​មិត្តភាព​​ដែកថែប​​រវាង​​ប្រទេស​​ទាំងពីរ។

លោក វ៉ាង យី បានមាន​​ប្រសាសន៍​ថា មិត្តភាព​​ចិន​ និង​​កម្ពុជា​​កាន់តែ​​រឹងមាំ​ បើទោះបី​ជា​​បាន​ឆ្លងកាត់​​ការ​ពិសោធ​នៃ​បញ្ហា​​អន្តរជាតិ​​ជា​ច្រើន​​ក៏​ដោយ។ ក្រោម​ការ​ដឹកនាំ​​ជា​យុទ្ធសាស្ត្រ​​នៃ​ថ្នាក់​ដឹកនាំ​​ប្រទេស​​ទាំងពីរ មិត្តភាព​​ដែកថែប​​ចិន​-​ក​ម្ពុជា​​បាន​ឈានចូល​​ដំណាក់​កាល​ថ្មី​មួយទៀត។

លោកសង្កត់ធ្ងន់ថា ភាគី​ចិន​​រីករាយ​​ក្នុង​ការ​​ពង្រឹង​​បន្ថែម​​នូវ​ទំនាក់​ទំនង​​សហ​ប្រតិបត្តិការ​​ថ្នាក់​ដឹកនាំ​​ជាន់ខ្ពស់​ជា​មួយ​​ភាគី​​កម្ពុជា ជំរុញ​​ការ​កសាង​​សហគមន៍​វាសនា​រួម​ចិន-​កម្ពុជា​​ក្នុង​យុគ​សម័យ​​ថ្មី ដើម្បី​​​ឆ្លើយ​តប​​ការ​ប្រឈម ​នឹង​ហានិភ័យ​​តាម​រយៈ​​កិច្ច​សហ​ប្រតិបត្តិ​ការ​​​យុទ្ធ​សាស្ត្រ​កម្រិត​ខ្ពស់​ចិន-​កម្ពុជា ការពារ​​ផល​ប្រយោជន៍​​បច្ចុប្បន្ន​​របស់​​ប្រទេស​​ទាំង​ពីរ និង​ជំរុញ​​សន្តិភាព ​និង​ស្ថិរ​ភាព​​ក្នុង​តំបន់។

លោក ប្រាក់ សុខុន មាន​ប្រសាសន៍ថា កម្ពុជា​​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​​មិត្តភាព​​ចំពោះ​​ភាគី​ចិន និង​រីករាយ​​ក្នុង​ការ​​ពង្រឹង​​ការ​ទុកចិត្ត ​និង​ជឿជាក់​គ្នា​​ទៅវិញ​ទៅមក​​ជាមួយ​​ភាគី​ចិន ជំរុញ​​កិច្ច​សហ​ប្រតិបត្តិការ​​ជាក់​ស្តែង និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​​ការ​ទូត​ ​និង​ទំនាក់​ទំនង​​មិត្តភាព​​កម្ពុជា-​ចិន​​ឱ្យ​កាន់តែ​​ល្អប្រសើរ​ឡើង​ថែម​ទៀត។

លោក ប្រាក់ សុខុន បានដឹកនាំ​គណៈប្រតិភូ​ទៅបំពេញ​ទស្សនកិច្ច​នៅសាធារណរដ្ឋ​ប្រជាមានិត​ចិនពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ តបតាម​ការអញ្ជើញ​របស់​ភាគីចិន។

ក្នុងអំឡុងពេល​​បំពេញ​ទស្សន​កិច្ច​​នេះ លោក ប្រាក់ សុខុន ក៏​នឹង​​ជួប​ពិភាក្សា​​ទ្វេភាគី​​ជាមួយ​​លោក លីវ ជានឆាវ (Liu Jianchao) រដ្ឋ​មន្ត្រី​​ក្រសួង​​ទំនាក់​ទំនង​​អន្តរជាតិ​​មជ្ឈិម​បក្ស​​កុម្មុយនីស្ត​​ចិន​ផងដែរ៕

你可能还喜欢

评论被关闭。