វិទ្យាស្ថានពាណិជ្ជកម្មចិនស្វែងរកឱកាសវិនិយោគនៅកម្ពុជា

នៅថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ គណៈប្រតិភូ​វិទ្យាស្ថាន​ពាណិជ្ជកម្ម ជឹង គង់ (Cheung Kong Graduate School of Business “CKGSB”) នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន បានចូលជួប​សម្តែង​ការគួរសម​ និង ពិភាក្សា​ការងារ​ជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងគោលបំណង​ស្វែងរក​ឱកាស​វិនិយោគ​នៅកម្ពុជា។

ក្នុងឱកាស​នៃជំនួប​នេះ លោក ស៊ុន ចាន់ថុល បានលើកឡើង​ពីសុខសន្តិភាព ស្ថិរភាព កាលានុវត្តភាព​វិនិយោគ​របស់​កម្ពុជា វិស័យ​ជាអាទិភាព ផែនការមេ កិច្ចសម្របសម្រួល​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការគាំទ្រ​ធុរកិច្ច និង ការធានា​ប្រក្រតីភាព​នៃកិច្ចវិនិយោគ​របស់​វិនិយោគិន។

លោក ជាំង អ៊ីហ្វី (Jiang Yifei) នាយក​គ្រប់គ្រង​វិទ្យាស្ថាន CKGSB និងជាប្រធាន​គណៈប្រតិភូ បានថ្លែង​ការកោតសរសើរ​ចំពោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែលធ្វើការ​​ឧទ្ទេសនាម​អំពីគោលនយោបាយ ​និង កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​ជូនគណៈប្រតិភូ​បានយ៉ាង​ក្បោះក្បាយ ​និង ប្រកបដោយ​ថាមពល។ ក្នុងនោះ លោកបាន​មើលឃើញ​អំពី​ភាពរីកចម្រើន​យ៉ាងឆាប់​រហ័ស​របស់​កម្ពុជា ពិសេស​លើការ​អភិវឌ្ឍ​ផ្នែកបច្ចេកវិទ្យា​ដែលនឹង​អាចឈានទៅ​មានសមត្ថភាព​ពេញលេញ​នាពេល​ឆាប់ៗ​ខាងមុខ​នេះ។

ក្នុងឱកាស​នេះផងដែរ លោក ជាំង អ៊ីហ្វី ក៏បាន​ស្នើសុំ​ការណែនាំ​បន្ថែមទៀត​ពីលោក ស៊ុន ចាន់ថុល លើកិច្ច​ការងារ​កម្មសិទ្ធិបញ្ញា ស្ថានភាព​ទីផ្សារ​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក (E-commerce) និង កិច្ចវិនិយោគ​លើវិស័យ​ថាមពល​ជាដើម៕

你可能还喜欢

评论被关闭。