សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួម “ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី២៩” នៅសៀមរាប
ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាប្រារព្ធ “ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី២៩” នៅបរិវេណរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី។
ព្រឹត្តិការណ៍ “ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី២៩” នេះ មានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិចូលរួមសរុប ១៣ ៨៧៧ នាក់មកពី ៨៧ ប្រទេស ក្នុងនោះអត្តពលិកខ្មែរ ចំនួន ១០ ៥៣២ នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣ ៣៤៥ នាក់ ដែលនេះជាចំនួនច្រើនបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេល ២៨ ឆ្នាំកន្លងមក។
ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩នេះ បែងចែកជា ៤ វិញ្ញាសា រួមមានចម្ងាយ ២១ គីឡូម៉ែត្រ ចម្ងាយ ១០ គីឡូម៉ែត្រ ចម្ងាយ ៥ គីឡូម៉ែត្រ និង ចម្ងាយ ៣ គីឡូម៉ែត្រ (ប្រភេទរត់កម្សាន្ត។
ព្រឹត្តិការណ៍ “ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី២៩” រៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និង ជនពិការភាព ជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន។ ព្រឹត្តិការណ៍នេះ ក៏ជួយលើកកម្ពស់ស្មារតីកីឡា ដើម្បីសុខភាពល្អ បង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាព លើកកម្ពស់តំបន់ទេសចរណ៍កម្ពុជា ជាពិសេសគឺខេត្តសៀមរាបផ្ទាល់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងបង្ហាញពីស្មារតី “កីឡារស់ក្នុងសន្តិភាព”៕
评论被关闭。