រដ្ឋមន្ត្រីពាណិជ្ជកម្ម ចម និម្មល៖ ការផលិតផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់កម្ពុជា

លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានថ្លែងថា វិស័យ​ផលិតផល​ធ្វើដំណើរ​ និងស្បែក គឺជា​វិស័យ​អាទិភាព​មួយរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែលជា​ផ្នែកមួយ​ដ៏សំខាន់​ក្នុងការ​ចូលរួម​ជំរុញ​កំណើន​នៃការនាំចេញ ​និងសេដ្ឋកិច្ច​របស់​កម្ពុជា។

លោកស្រី ចម និម្មល បានលើកឡើងដូច្នេះនាឱកាស​ដែលលោកស្រី​ចូលរួម​ជាអធិបតី​ក្នុងពិធី “ពិសា​ភោជនាហារ​សាមគ្គី​ប្រចាំឆ្នាំ​របស់​សមាគម​ផលិតផល​ធ្វើដំណើរ​ និងស្បែក​នៅកម្ពុជា” នាល្ងាច​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅណាហ្គាវើលដ៏ រាជធានីភ្នំពេញ។

ថ្លែងក្នុង​អង្គពិធី លោកស្រី ចម និម្មល បានអបអរសាទរ​ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​សមាគម​និង អ្នកពាក់ព័ន្ធ​ទាំងអស់ ដែលជានិច្ចកាល​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ក្នុងកិច្ច​ពិគ្រោះ​យោបល់​នៅពេល​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី សិក្ខាសាលា ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ក្នុង និង​ក្រៅប្រទេស និង វេទិកា​ធុរកិច្ច​នានា ក្នុងការ​អភិវឌ្ឍ ​និងជំរុញ​ការនាំចេញ​ផលិតផល​ធ្វើដំណើរ​ និងវត្ថុ​ធ្វើពី​ស្បែក​នៅ​កម្ពុជា «ផលិត​នៅកម្ពុជា – Made in Cambodia» ទៅកាន់​ទីផ្សារ​តំបន់ ​និងពិភពលោក។

លោកស្រី​បន្តថា វិស័យ​ផលិតផល​ធ្វើដំណើរ ​និងស្បែក​នៅ​កម្ពុជា គឺជា​វិស័យ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយតាមរយៈ​នេះ រាជរដ្ឋាភិបាល​បានដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង ​និងកាបូប​កម្ពុជា ២០២២-២០២៧ ដើម្បី​ជាផែនទី​ក្នុងការ​អភិវឌ្ឍ​វិស័យ​នេះ ទៅជា​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព​បរិស្ថាន មានភាពធន់ មានតម្លៃ​បន្ថែម​ខ្ពស់ ផ្តោតលើ​ផលិតផល​ថ្លៃខ្ពស់​ និងមានលក្ខណៈ​ពិសេស។ លោកស្រី​បានលើកទឹកចិត្ត​ឱ្យសមាគម ​បន្ត​ខិតខំ​ប្រឹងប្រែង​ចូលរួម​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការនាំចេញ​ ទៅកាន់​ទីផ្សារ​សំខាន់ៗ​ទាំងក្នុង​តំបន់​ និងសកលលោក តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ដែលកម្ពុជា​ជាសមាជិក និងប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​នានា ព្រមទាំង​ការពង្រឹង​គុណភាព ការកសាង​កេរិ៍្តឈ្មោះ ​និងនវានុវត្តន៍​ផលិតផល​ផងដែរ។

លោកស្រី ចម និម្មល ក៏បាន​ថ្លែងកោតសរសើរ ​និង​វាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធិផល​ ដែលសមាគម​ផលិតផល​ធ្វើដំណើរ ​និង​ស្បែក​នៅកម្ពុជា​សម្រេចបាន ក៏ដូចជា​ការចុះអនុស្សរណៈ​យោគយល់គ្នា​នេះ ដែលពិតជា​ចូលរួម​ចំណែក​សំខាន់ ​ក្នុងការជំរុញ​ការអភិវឌ្ឍ​វិស័យ​នេះឱ្យកាន់តែ​រីកចម្រើន មានភាពធន់ និង បង្កើន​ភាពប្រកួត​ប្រជែង​របស់​កម្ពុជា​ នៅលើ​ទីផ្សារ​អន្តរជាតិ ជាពិសេស​នៅពេល​កម្ពុជា​ចាកចេញ​ពីចំណាត់​ក្រុមប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅពេល​ខាងមុខ។

តាងនាម​ឱ្យសមាគម​ផលិតផល​ធ្វើដំណើរ ​និងស្បែក​នៅកម្ពុជា​ អ្នកឧកញ៉ា លី ឃុនថៃ ប្រធាន​កិត្តិយស​សមាគម​ផលិតផល​ធ្វើដំណើរ ​និងស្បែក​នៅកម្ពុជា បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ​ចំពោះរាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ជាពិសេស​ក្រសួង​ពាណិជ្ជកម្ម​ផ្ទាល់ ដែលជានិច្ចកាល​តែងតែ​ផ្តល់ការ​គាំទ្រ​យ៉ាងពេញទំហឹង​ ដល់សមាគម​ផលិតផល​ធ្វើដំណើរ​ និងស្បែក​នៅកម្ពុជា ធ្វើឱ្យ​សមាគម​នេះ អាចដំណើរការ​ទៅបាន​ដោយរលូន ព្រមទាំង​ទទួលបាន​នូវសមិទ្ធផល​ជាផ្លែផ្កាជាច្រើន​ ក្លាយជា​ចំណែក​ដ៏សំខាន់​មួយក្នុងការ​ជួយជំរុញ​កំណើន​នៃការនាំចេញ​ និងសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។

លោកឧកញ៉ា លឹម តុង ប្រធាន​សមាគម​ផលិតផល​ធ្វើដំណើរ ​និងស្បែក​នៅកម្ពុជា​បានឱ្យដឹងថា គិតត្រឹម​ខែតុលា ឆ្នាំ២០២៤ ទំហំ​នៃការនាំចេញ​ផលិតផល​ធ្វើដំណើរ ​និងស្បែក​របស់​កម្ពុជា មានទឹកប្រាក់​សរុបជាង ២,៤៣ ប៊ីលាន​ដុល្លារអាម៉េរិក មានការ​កើនឡើង ២១% ធៀបនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ២០២៣។ ផលិតផល​ទាំងនេះ ​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាម៉េរិក អឺរ៉ុប ប្រទេស​អង់គ្លេស និង ទីផ្សារអាស៊ាន។ ទន្ទឹមនឹងនេះ សមាគម​នេះ បានដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​ទាក់ទាញ​វិនិយោគិន​បរទេស ​ឱ្យមក​បណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា ដោយបាន​បង្កើត​ឱកាស​ការងារ​ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៥ ម៉ឺន​កន្លែង ចូលរួម​លើកកម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាជន​កម្ពុជា៕

你可能还喜欢

评论被关闭。