សម្ដេចតេជោ ហ៊ុន សែន៖ បើគ្មានថ្ងៃ ២ ធ្នូ និង ៧ មករា កម្ពុជាក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ

ក្នុងឱកាស​ខួប ៤៦ ឆ្នាំ​នៃថ្ងៃ​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងជា​ប្រធាន​ព្រឹទ្ធសភា បានចាត់ទុក​ថ្ងៃ ២ ធ្នូ និងថ្ងៃ ៧ មករា ជាសច្ចធម៌​នៃប្រវត្ដិសាស្ដ្រ បើគ្មាន​ថ្ងៃទាំងពីរនេះទេ ប្រទេស​កម្ពុជា​ក៏ពុំមាន​ថ្ងៃនេះដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះ​សំណេរ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការនាព្រឹក​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ថា បើគ្មាន​ថ្ងៃ​កំណើត​រណសិរ្ស ២ ធ្នូ និងថ្ងៃ​ជ័យជម្នះ ៧ មករា​ទេនោះ ក៏គ្មាន​អ្វីៗ​ដូចថ្ងៃនេះ​ដែរ។

សម្ដេចតេជោ​បានរម្លឹក​ថា រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា ត្រូវបាន​កើតឡើង​ដោយកម្លាំង​មហាសាមគ្គី​ប្រជាជន​ទាំងមូល​ ទាំងក្នុង​និងក្រៅ​ប្រទេស ដែលមាន​សម្ដេច​ផ្ទាល់​ រួមជាមួយ​សម្តេច​ពញាចក្រី ហេង សំរិន និងសម្តេច​ធម្មពោធិសាល ជា ស៊ីម និងវីរជន​ស្នេហាជាតិ​ជាច្រើន​រូបទៀត ក្នុងការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និងទទួលបាន​ជ័យជម្នះ​លើរបប​នេះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

សម្ដេចតេជោ​បន្តថា រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា បច្ចុប្បន្ន​បានដូរ​ឈ្មោះជា «រណសិរ្ស​សាមគ្គី​ អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា» ដែលជា​អង្គការ​ចាត់តាំង​មហាជន​មួយឈានមុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានបដិសន្ធិ​ឡើងនៅក្នុង​តំបន់​រំដោះ នាភូមិ​ជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​រណសិរ្ស ប្រជាជន​គ្រប់ទិសទី​បានក្រោកឈរ​រួបរួមគ្នា​ជាកម្លាំង​មហា​សាមគ្គី​ជាតិ ដោយទទួលបាន​ការឧបត្ថម្ភ​យ៉ាងធំធេង​ពីកងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម និងការគាំទ្រ​ពីមិត្ដភក្ដិ​ជិតឆ្ងាយ​លើសកលលោក ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូតដល់​ទទួលបាន​ជ័យជម្នះ​ដ៏ត្រចះ​ត្រចង់​នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់​ថា មហា​ជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវ​សម័យកាល​ដ៏ខ្មៅងងឹត​បំផុត​ដែលពុំធ្លាប់មាន​នៅក្នុង​ប្រវត្ដិសាស្ដ្រ​កម្ពុជា បានបើកឡើង​នូវសករាជ​ថ្មី ប្រជាជន​កម្ពុជា​យើងក៏បាន​ទទួល​មកវិញ​នូវសិទ្ធិសេរីភាព​និងឱកាស​ដើម្បី​ស្ដារ​និងកសាង​មាតុភូមិ​របស់​ខ្លួនឡើងវិញ។ ប្រជាជន​គ្រប់រូប​សុទ្ធតែ​យល់ច្បាស់​ថា បើគ្មាន​ថ្ងៃកំណើត​រណសិរ្ស ២ ធ្នូ និងជ័យ​ជម្នះ ៧ មករា​ទេនោះ ក៏គ្មាន​អ្វីៗ​ដូចថ្ងៃនេះដែរ៕

你可能还喜欢

评论被关闭。