ក្រុមហ៊ុនចិនចាប់អារម្មណ៍ការវិនិយោគ លើគម្រោងថាមពលអគ្គិសនីក កើតឡើងវិញនៅកម្ពុជា
ក្រុមហ៊ុន Windey Energy Technology Group មកពីខេត្តជឺជាំង (Zhejiang) ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើគម្រោងថាមពលអគ្គិសនីកកើតឡើងវិញ នៅប្រទេសកម្ពុជា។
នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក លីវ ហាវយ៉ាន (Liu Haoran) ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group ដែលមានបំណងដើម្បីពិគ្រោះយោបល់ លើកាលានុវត្តភាពវិនិយោគលើគម្រោង ថាមពលអគ្គិសនីកកើតឡើងវិញ។
លោក សួន សុផល បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះគណៈប្រតិភូក្រុមហ៊ុន ដែលបានមកកាន់កម្ពុជាដោយផ្ទាល់ ក្នុងគោលដៅសិក្សាស្វែងយល់ ពីសក្តានុពលនិងបរិយាកាសវិនិយោគកម្ពុជា ឱ្យបានជាក់ច្បាស់។ លោកបានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ក្នុងការពង្រឹងមិត្តភាពដែកថែប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ក្នុងស្មារតីនេះ ការចូលរួមចំណែកនៃរំហូរវិនិយោគផ្ទាល់ពីប្រទេសចិន បានដើរតួនាទីដ៏សំខាន់ក្នុងការដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែភ្លឺចែងចាំងមួយកម្រិតបន្ថែមទៀត។
លោកបានលើកទឹកចិត្តឱ្យសមភាគីបន្តពិគ្រោះយោបល់ ជាមួយក្រសួងរ៉ែនិងថាមពលកម្ពុជា ក្នុងគោលដៅសិក្សាសមិទ្ធិលទ្ធភាព និងទទួលបានគោលការណ៍ ជាលក្ខណៈបច្ចេកទេសពីក្រសួងជំនាញ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកទ្វារចំហស្វាគមន៍ជានិច្ច ក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តនានាស្របតាមច្បាប់និងប្បញ្ញត្តិជាធរមាន។
លោក លីវ ហាវយ៉ាន បានសម្តែងនូវការកត់សម្គាល់ អំពីថាមភាពរបស់កម្ពុជា ក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ព្រមទាំងភាពសកម្មក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើម “ផ្លូវនិងខ្សែក្រវាត់” ហើយលោកជឿជាក់ថា ការវិនិយោគផ្ទាល់ពីប្រទេសចិន ពិតជាបានជះផលវិជ្ជមានលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រប្រាកដមែន។
លោក លីវ ហាវយ៉ាន និងគណៈប្រតិភូបានទទួលយកអនុសាសន៍ណែនាំរបស់លោក សួន សុផល និងបានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រុមហ៊ុន នឹងអាចមានឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យថាមពលស្អាតនាពេលខាងមុខ៕
评论被关闭。