សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោក វ៉ាង ហ៊ូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន

នៅរសៀល​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ​នៃព្រះរាជាណាចក្រ​កម្ពុជា និងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជនចិន ​នៅមហាវិមាន​ប្រជាជន រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន។

ជាកិច្ចចាប់ផ្តើម លោក វ៉ាង ហ៊ូនីង បានស្វាគមន៍​យ៉ាងកក់ក្ដៅ​ចំពោះ​សម្ដេចតេជោ ហ៊ុន សែន និង​គណៈប្រតិភូដែលបាន​មកបំពេញ​ទស្សនកិច្ច​មិត្តភាព ​និងជាផ្លូវការ​នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឋានៈ​សម្ដេច​ជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធាន​ព្រឹទ្ធសភា។ លោកក៏បាន​សម្តែងនូវ​ក្តីសោមនស្សរីករាយ ​ដែលបានជួប​សម្ដេចតេជោ​សាជាថ្មី បន្ទាប់ពី​ជំនួប​កាលពី​ឆ្នាំ២០១៦ ដែល កាលនោះ​លោកបាន​អមដំណើរ​លោកប្រធានាធិបតី ស៊ី ជីនភីង​( Xi Jinping) ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅកម្ពុជា។

លោក វ៉ាង ហ៊ូនីង បានបន្ត​ទៀតថា ចិន ​និងកម្ពុជា​បានបន្ត​អនុវត្ត​នូវកិច្ចព្រមព្រៀង ​នៃការកសាង​សហគមន៍​ជោគវាសនារួម ហើយប្រទេស​ទាំងពីរ ​បានរួមគ្នា​ក្នុងការ​ជំរុញ​ទំនាក់​ទំនង​នេះ ឱ្យឈាន​ទៅមុខ​ជាលំដាប់។ ចិន​នឹង​បន្ត​គាំទ្រ​គោលនយោបាយ​របស់​កម្ពុជា​និងផ្សព្វផ្សាយ​ពីប្រពៃណី​ដ៏ល្អ​របស់​កម្ពុជា ធ្វើយ៉ាងណា​ដើម្បី​ជំរុញ​ទេសចរ​ចិន​មក​កម្ពុជា​បន្ថែមទៀត។

លោកក៏បាន​លើកឡើង​ផងដែរ​អំពី​គំនិត​បន្ស៊ីគ្នា​នៃគំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ ​និងផ្លូវ​របស់​ចិន និងយុទ្ធសាស្ត្រ​បញ្ចកោណ​របស់​កម្ពុជា ដើម្បី​ពន្លឿន​ការសម្រេច​រចនាសម្ព័ន្ធ​សំខាន់ៗ រួមមាន​ច្រករបៀង​ឧស្សាហកម្ម ​និងបច្ចេកវិទ្យា ច្រករបៀង​មច្ឆា ​និងអង្ករ ការអភិវឌ្ឍ​កសិកម្ម​ទំនើប​ និង ការកសាង​ច្រករបៀង​គំរូ​ថ្មីនៃកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ថា ទស្សនកិច្ច​នេះបាន​ធ្វើឡើង​ក្រោយពី​ទស្សនកិច្ច​របស់​សម្ដេច​កាលពី​ដើមឆ្នាំ២០២៣ ក្នុងគោលដៅ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​លើសពី​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ទំនាក់​ទំនង​មិត្តដែកថែប​ និងសហគមន៍​ជោគវាសនា​រួមកម្ពុជា-ចិន។

សម្ដេចតេជោ​បានបញ្ជាក់​សាជាថ្មី ពីការ​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​ចិនតែមួយ​របស់​កម្ពុជា​ ហើយកម្ពុជា​នៅតែ​ជាមិត្ត​របស់​ចិន​គ្រប់កាលៈទេសៈ។ កម្ពុជា​មិនភ្លេចឡើយ ​អំពីជំនួយ​និងការគាំទ្រ​របស់​មិត្តចិន មិនត្រឹមតែ​ជួយដល់​ការអភិវឌ្ឍ​សង្គម​និងសេដ្ឋកិច្ច​ប៉ុណ្ណោះ​នោះទេ ក៏បាន​គាំទ្រ​ដល់ឯករាជ្យភាព​ខាងនយោបាយ​របស់​កម្ពុជា​ផងដែរ។

សម្ដេចតេជោ​ក៏បាន​អបអរសាទរ​ដល់ខួប​ទី ៧៥ ឆ្នាំ​នៃការ​បង្កើត​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និងកោតសរសើរ​ចំពោះ​សមិទ្ធផល​ដែលមិត្តចិន ​សម្រេចបាន​នាពេល​កន្លងមក។ សម្ដេច​សង្ឃឹមថា​ កិច្ចសហប្រតិបត្តិការ​រវាង​សភា​ប្រឹក្សានយោបាយ​ប្រជាជនចិន ​និងព្រឹទ្ធសភា​កម្ពុជា នឹងត្រូវបាន​ពង្រឹង​និងពង្រីក​បន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន និងលោក វ៉ាង ហ៊ូនីង ក៏បាន​ពិភាក្សា​អំពី​ស្ថានការណ៍​តំបន់ ​និង​អន្តរជាតិដែលកំពុង​មានភាព​ស្មុគស្មាញ ​និងប្រែប្រួល​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ននេះ។

នៅក្នុង​ជំនួប​នេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​លោក វ៉ាង ហ៊ូនីង មកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​សាជាថ្មី បន្ទាប់ពី​លោកបាន​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​កាលពីឆ្នាំ២០១៦។ លោក វ៉ាង ហ៊ូនីង ក៏បាន​ទទួលយក​នូវការ​អញ្ជើញ​របស់​សម្ដេចតេជោ ហើយនឹង​ពិនិត្យ​មើល​នូវ​ពេលវេលា​សមស្រប​ណាមួយ​ដើម្បី​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​នាពេលខាងមុខ៕

你可能还喜欢

评论被关闭。