សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
នេះជាកិច្ចប្រជុំលើកទីពីរហើយដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានជួបប្រជុំជាមួយ តំណាងគណបក្សនយោបាយដែលមិនមានអាសន:ក្នុងសភា តែអាចជួបជាមួយគ្នា ដោយប្រើប្រាស់យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់បើកឱកាស ឱ្យតំណាងបណ្តាគណបក្សនយោបាយ អាចផ្តល់មតិយោបល់ ឬធាតុចូលផ្សេងៗជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយ ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិប្រកបដោយសក្តានុពល។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានអាណត្តិដូចអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សូមរម្លឹកថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ក្នុងអាណត្តិទី៦ ដែលពេលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា ហើយបន្តរហូតអាណត្តិទី៧ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តាមរយៈព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣៕
评论被关闭。