រាជរដ្ឋាភិបាលគាំទ្រគម្រោងរោងចក្រផលិតដែកតម្លៃ ៤០ លានដុល្លារនៅខេត្តព្រះសីហនុ

គម្រោង​វិនិយោគ​ បង្កើត​រោងចក្រ​ផលិតដែក​គ្រប់ប្រភេទ​នៅខេត្តព្រះសីហនុ ក្រោមទុន​វិនិយោគ ៤០ លាន​ដុល្លារអាម៉េរិក ទទួលបាន​ការលើកទឹកចិត្ត ​និងអត្ថប្រយោជន៍​ពិសេស​ពីរាជរដ្ឋាភិបាល​កម្ពុជា។

កាលពី​ពេលថ្មីៗ​នេះ នៅទីស្តីការ​ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ លោកបណ្ឌិត​សភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សា​សម្តេច​មហាបវរធិបតី​នាយករដ្ឋមន្រ្តី​កម្ពុជា និងជា​ប្រធាន​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុងខេត្ត​ព្រះសីហនុ បានដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើការស្នើ​ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួល​នីតិវិធី ព្រមទាំង​ការស្នើ​ចូលសញ្ជាតិខ្មែរ ​របស់​គម្រោង​វិនិយោគ​ក្នុងខេត្ត​ព្រះសីហនុ ក្នុងក្របខណ្ឌ «កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុងខេត្ត​ព្រះសីហនុ ឆ្នាំ២០២៤»។

អង្គប្រជុំ​បានពិនិត្យ​សម្រេច ​លើការស្នើ​របស់​ក្រុមហ៊ុន​វិនិយោគ​ឧស្សាហកម្ម​ធុនធ្ងន់​ផ្នែកកែច្នៃ​ដែក ដែលមាន​សកម្មភាព​អាជីវកម្ម រួមមាន​ការពន្លា ការច្រៀក​ដែកសន្លឹក ​និងដែក​រនាប ដើម្បី​កែច្នៃ​ទៅធ្វើ​គ្រោងដែក​ផ្សេងៗ សម្រាប់​បម្រើការ​ក្នុងវិស័យ​សំណង់ ក្រោមទុន​វិនិយោគ​ប្រមាណ ៤០ លាន​ដុល្លារ។

ជាមួយគ្នានេះ អង្គប្រជុំ​បានពិនិត្យ ​និងពិភាក្សា​ដើម្បី​ស្នើសុំ​ការសម្រេច​ដ៏ខ្ពង់ខ្ពស់​ពីរាជរដ្ឋាភិបាល លើការ​ស្នើសញ្ជាតិខ្មែរ​របស់​វិនិយោគិន ​ដែលមាន​សក្តានុពល​ខ្ពស់​ចំនួន ២ រូប ដែលមាន​គម្រោង​វិនិយោគ​ពាក់ព័ន្ធ ​នឹងការកែច្នៃ​អាលុយមីញ៉ូម ​និងការវិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ​សរុប​ចំនួន ១១០ លាន​ដុល្លារ លើទំហំដី ៣០៣ ហិកតា៕

你可能还喜欢

评论被关闭。