ក្រមាខ្មែរត្រូវបានចាត់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ UNESCO

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រមា​ខ្មែរ​ត្រូវបាន​ដាក់​បញ្ចូល​​ក្នុង​បញ្ជី​​តំណាង​​​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃមនុស្ស​ជាតិ​​របស់​​អង្គការ​សិក្សា​​វិទ្យាសាស្ត្រ​​អប់រំ​ និង​វប្បធម៌ (UNESCO) នៅ​ទីក្រុង​​អាសង់ស្យុង (Asunción) សាធារណរដ្ឋ​ប៉ារ៉ាហ្កាយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​​កម្ពុជា​​បាន​សម្តែង​​នូវ​ការ​​អបអរសាទរ ​និង​បាន​ចាត់​ទុកថា នេះ​គឺជា​មោទក​ភាព​​ថ្មី​មួយ​ទៀត​​របស់​រាជរដ្ឋាភិបាល​​អាណត្តិ​ទី៧។

នៅក្នុង​​សារលិខិត​​ផ្ញើជូនជន​រួមជាតិ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើង​​ថា ៤ ធ្នូ ២០២៤ បាន​ក្លាយ​ជា​ទិវា​​ប្រវត្តិសាស្ត្រ​​ដ៏សំខាន់​​របស់​ជាតិ​​កម្ពុជា​​ទាំងមូល ដោយ​គណៈកម្មការ​​អន្តរ​រដ្ឋាភិបាល​ ​ដើម្បី​​ការ​ការពារ​​បេតិក​ភណ្ឌ​វប្បធម៌​​អរូបី​របស់​អង្គការ UNESCO បាន​អនុម័ត​​យល់ព្រម​ចុះ “ក្រមា” ក្នុង​បញ្ជី​​តំណាង​​បេតិកភណ្ឌ​​វប្បធម៌​​អរូបី​​នៃ​មនុស្ស​ជាតិ​​របស់​​អង្គការ UNESCO តាម​រយៈ​​សេចក្តី​​សម្រេច 19.COM 7.6.27។

សម្តេចធិបតី​បាន​ថ្លែង​​ទៀត​ថា នេះ​គឺជា​មោទកភាព​​ថ្មីមួយទៀត​​របស់​​រាជរដ្ឋាភិបាល​​កម្ពុជា​​អាណត្តិ​ទី៧ ដែល​បាន​​សម្រេច​នូវ​សមិទ្ធផល​​សម្រាប់​​ប្រជាជាតិ​និង​ប្រជា​ជន​​កម្ពុជា​​ទាំងមូល។ ការ​ចុះបញ្ជី​នេះ បានផ្តល់​នូវ​​តម្លៃ​ដូចគ្នា​ ​ចំពោះ​កម្ពុជា​​និង​សហគមន៍​​អន្តរជាតិ នូវ​កាតព្វកិច្ច​​នៃ​កិច្ច​សហប្រតិបត្តិការ​​រួមគ្នា​​ក្នុង​ការ​​ថែរក្សា ការពារ និង លើក​តម្កើង​​គុណតម្លៃ “ក្រមា” ទុក​ជា​​កេរមរតក​​សម្រាប់​​មនុស្សជាតិ​​ជំនាន់​ក្រោយ​​តរៀងទៅ។

ឆ្លៀតក្នុង​ឱកាស​​ដ៏មហា​​ប្រសើរ​នេះ សម្តេច​ធិបតីក៏​បាន​​សម្តែង​នូវ​អំណរ​​ព្រះគុណ​​ដ៏​ជ្រាលជ្រៅ​​វិសេស​​វិសាល ថ្វាយ​សម្តេច​​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​​មាតា​​ជាតិខ្មែរ និង ព្រះករុណា ព្រះបាទ​​សម្តេច​​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ​​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​ទ្រង់​តែង​​ប្រោស​ព្រះរាជទាន​​នូវ​ការ​គាំទ្រ​​ជានិច្ចកាល​ ​ចំពោះ​​កិច្ចខិតខំ​​ប្រឹងប្រែង​ របស់​​រាជរដ្ឋាភិបាល​​ក្នុង​វិស័យ​​បេតិកភណ្ឌ​​វប្បធម៌​ជាតិ ជាពិសេស​​បេតិកភណ្ឌ​វប្បធម៌​​អរូបី​​ដែលងាយ​​ប្រឈម​​នឹង​ការ​បាត់បង់។

សម្តេចធិបតី​ក៏សម្តែង​នូវ​ការកោតសរសើរ​ ​ចំពោះ​ការយក​ចិត្ត​ទុក​ដាក់​ ខិតខំ​ប្រឹង​ប្រែង គាំទ្រ និង កិច្ចសហការ​​យ៉ាង​ជិតស្និទ្ធ​​រវាង​​ក្រសួង​វប្បធម៌​ និង​វិចិត្រ​​សិល្បៈ ដែល​ជា​សេនា​ធិការ​​របស់​រាជ​រដ្ឋាភិបាល ជាមួយ​នឹង​​ស្ថាប័ន​​ពាក់ព័ន្ធ​​នានា អ្នក​ជំនាញ​​ជាតិ-អន្តរជាតិ សហគមន៍​​តម្បាញ​ក្រមា សមាគមន៍ក្រមា ក៏ដូចជា​​អាជ្ញាធរ​មូលដ្ឋាន​​នៅ​តាម​​បណ្តា​រាជធានី-ខេត្ត​នានា រហូត​​សម្រេច​បាន​ជោគជ័យ​​ក្នុង​ការ​ចុះ “ក្រមា” ក្នុង​បញ្ជី​តំណាង​​បេតិកភណ្ឌ​​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​​នាពេលនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ថ្លែង​អំណរគុណ​​យ៉ាងជ្រាលជ្រៅ​​ ចំពោះ​​បងប្អូន​​ជនរួមជាតិ​​ទាំងអស់​​ដែលបាន​​បន្ត​ថែរក្សា ផលិត និង ប្រើប្រាស់​​ក្រមា​ក្នុងជីវភាព​​រស់នៅ​​ប្រចាំថ្ងៃ ដែល​ជា​​អត្តសញ្ញាណ​​របស់​ជាតិ និងជា​កេរ​ដំណែល​​ប្រពៃណី​​ដ៏ថ្លៃថ្លា​​ក្នុង​សង្គម​​កម្ពុជា​​តាំងពី​​ដើមរៀងមក។

ទន្ទឹមនឹងនេះ ដើម្បី​អបអរសាទរ​​ព្រឹត្តិការណ៍​​ជា​ប្រវត្តិសាស្ត្រ​នេះ សម្តេច​ធិបតី​​បានអំពាវនាវ​​ចំពោះ​​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ និង បណ្តាញ​ព័ត៌មាន​​ទាំងអស់ ចូលរួម​​សហការ​ផ្សព្វផ្សាយ​​ព្រឹត្តិការណ៍​​ ដែល​ជា​​មោទកភាព​​ជាតិ​​ ដ៏មាន​សារៈ​សំខាន់​​នេះឱ្យ​បាន​ទូលំ​ទូ​លាយ​​បំផុត៕

你可能还喜欢

评论被关闭。