សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន

នារសៀល​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​ជួប​​ពិភាក្សា​​ទ្វេភាគី​​ជា​មួយ​​លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយក​រដ្ឋមន្ត្រី​​នៃ​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​​ប្រជាមានិត​ឡាវ នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង​​នូវ​ការ​​ស្វាគមន៍​​យ៉ាងកក់ក្ដៅ​​ចំពោះ​​លោក សនសៃ ស៊ីផាន់ដន និង​គណៈ​ប្រតិភូ​​ដែលបំពេញ​​ទស្សនកិច្ច​​ផ្លូវការ​នៅ​កម្ពុជា​ពីថ្ងៃទី៤-៥ ខែធ្នូ ព្រមទាំង​​បានអបអរសាទរ​​​ចំពោះ​​ជោគជ័យ​​របស់​​ឡាវ​ ​ក្នុងនាម​ជា​​ប្រធាន​​អាស៊ាន​​ឆ្នាំ២០២៤។ សម្ដេច​​បាន​បង្ហាញ​នូវ​​ជំនឿ​​ជឿជាក់​​ថា តាម​រយៈ​​ដំណើរ​​ទស្សនកិច្ច​​ផ្លូវ​ការ​នេះ ចំណង​​មិត្តភាព​​កម្ពុជា-ឡាវ​ នឹង​ត្រូវ​បាន​​ពូន​ជ្រំ​ឱ្យកាន់​តែ​​រឹងមាំ​​ថែម​ទៀត។

លោក សនសៃ ស៊ីផាន់ដន បាន​ថ្លែង​​អំណរគុណ​​យ៉ាង​ជ្រាលជ្រៅ​​ជូន​រាជរដ្ឋាភិបាល​ និង​​​ប្រជាជន​​កម្ពុជា​ ចំពោះ​​ការ​ទទួល​​បដិសណ្ឋារ​កិច្ច​​ស្វាគមន៍​​យ៉ាង​កក់ក្ដៅ​។ ការណ៍​នេះ​​បាន​​បង្ហាញ​ពី​មិត្តភាព​​​ដ៏​ជិត​ស្និទ្ធ​ និង​ទំនាក់​ទំនង​​ដ៏​រឹងមាំ​​ជា​ប្រពៃណី​​រវាង​​​ប្រទេស ​និង​​ប្រជាជន​​ទាំងពីរ។

លោកបាន​​​អបអរសាទរ​ និង​កោត​សរសើរ​​កម្ពុជា ដែល​រក្សា​​បាន​នូវ​សុខសន្ដិភាព ស្ថិរភាព​​ន​យោបាយ  និង កំណើន​​សេដ្ឋកិច្ច ជាមួយ​​នឹង​ការ​​សម្រេច​​បាននូវ​​ការ​អភិវឌ្ឍ​​សង្គម-​សេដ្ឋកិច្ច​​កម្ពុជា​​ល្អ​ប្រសើរ និងបោះជំហាន​ទៅ​មុខ​​ប្រកប​ដោយ​ភាព​ស្វាហាប់ ក្រោមការ​​ដឹកនាំ​​ប្រកប​ដោយ​​ភាព​ឈ្លាសវៃ​​របស់​​សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ទាំងនេះ​​ពិតជា​​បានរួមចំណែក​​ដល់​ការ​​លើក​កម្ពស់​​ជីវភាព​​របស់​​ប្រជាពល​រដ្ឋ​​កម្ពុជា​​ឱ្យកាន់​តែ​ប្រសើរ​ឡើង។

ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បានសម្ដែងនូវ​ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​វឌ្ឍនភាព​នៃទំនាក់​ទំនង​ជាប្រពៃណី ជាអ្នកជិតខាងល្អ និង កិច្ចសហប្រតិបត្តិការ​ក្នុងភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​និងយូរអង្វែង​រវាង​ប្រទេស​ទាំងពីរ។ ប្រមុខ​ទាំងពីរ​ក៏បាន​លើកទឹកចិត្ត​ឱ្យក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នៃប្រទេស​ទាំងពីរ​បន្ត​ជំរុញ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែ​រឹងមាំ​និងជិតស្និទ្ធ​ថែមទៀត និងគាំទ្រ​ឱ្យមាន​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​រវាង​គណៈប្រតិភូ​នៅគ្រប់​កម្រិត រួមទាំង​យុវជន​និងយុវជន​ផងដែរ។

ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បានឯកភាព​បន្ត​ពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការ​លើវិស័យ​សំខាន់ៗ រួមមាន​វិស័យ​នយោបាយ​និងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម​ វិនិយោគ​និងហិរញ្ញវត្ថុ ការពារជាតិ​និងសន្តិសុខ ថាមពល ការដឹកជញ្ជូន​និងការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ទេសចរណ៍ វប្បធម៌ និង សិល្ប: ព្រមទាំង​កិច្ចសហការ​ក្នុងក្របខណ្ឌ​តំបន់​និងអន្តរជាតិ។

នៅថ្ងៃ​ដដែល​នេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សនសៃ ស៊ីផាន់ដន បានធ្វើជា​អធិបតីភាព​ក្នុងពិធី​ចុះអនុស្សរណៈ​យោគយល់គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និងរដ្ឋាភិបាល​ឡាវចំនួនបី៖

១. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជានិងរដ្ឋាភិបាលឡាវ ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹងពន្ធ​លើប្រាក់​ចំណូល និងការបង្ការ​ការគេចវេះ​ពន្ធ​និងការជៀសវាង​ពន្ធ។

២. អនុស្សរណៈ​នៃការ​យោគយល់គ្នា​រវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទកម្ពុជា និងក្រសួង​កសិកម្ម​និង​ព្រៃឈើឡាវ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើវិស័យ​កសិកម្ម។

៣. អនុស្សរណៈ​នៃការ​យោគយល់គ្នា​រវាង​កម្ពុជានិងឡាវ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើវិស័យ​វប្បធម៌​ និង​សិល្បៈ​សម្រាប់​ឆ្នាំ២០២៥-២០២៧៕

你可能还喜欢

评论被关闭。