ក្រសួងមហាផ្ទៃចេញបញ្ជាបញ្ឈប់ការផ្សព្វផ្សាយ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ លើបណ្តាញទំនាក់ទំនងសង្គម
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានចេញសារាចរណែនាំស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ហាមប្រាមមិនឱ្យមានការផ្សព្វផ្សាយខ្លឹមសារពាក់ព័ន្ធ នឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងតាមរយៈអនឡាញផងដែរ។
សារាចរនេះបានលើកឡើងថា នាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃបានសង្កេតឃើញមានបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និង មាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ ដោយផ្ទាល់ឬតាមប្រព័ន្ធអនឡាញ (Online)។ នៅក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្តអំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និង មាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។
ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃបានធ្វើការណែនាំចំនួន ៥ ចំណុចដូចខាងក្រោម៖
១. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និង មាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ឬតាមប្រព័ន្ធអនឡាញក្តី។
២. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬ ទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេង ដោយផ្ទាល់ឬតាមប្រព័ន្ធអនឡាញក្តី។
៣. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធ នឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៤. គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែន សមត្ថកិច្ចរបស់ខ្លួន ក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៥. រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល។
សារាចរនេះបានសង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលណា ដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំខាងលើ។
ដោយឡែក បន្ទាប់ពីក្រសួងមហាផ្ទៃបានចេញសារាចរណែនាំខាងលើ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានប្រកាសទុកពេលត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយភាពមួយចំនួន លុបចោលព័ត៌មានឬខ្លឹមសារល្បែងស៊ីសងខុសច្បាប់ទាំងអស់ចេញពីបណ្តាញទំនាក់ទំនងសង្គម ទោះល្បែងស៊ីសងនោះលេងដោយផ្ទាល់ឬតាមប្រព័ន្ធអនឡាញក្តី បើមិនដូច្នោះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់៕
评论被关闭。