CDC អនុម័តគម្រោងវិនិយោគចំនួន ៤៣ ជាមួយទុនជាង ៩០០ លានដុល្លារក្នុងខែវិច្ឆិកា

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​ថ្មីចំនួន ៤០ គម្រោង និងគម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៣ ​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន ៩៤០ លាន​ដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារ ៣,៩ ម៉ឺនកន្លែង។

យោងតាម​របាយការណ៍​របស់ CDC បង្ហាញថា ក្នុងចំណោម​គម្រោង​វិនិយោគ​សរុប ​គម្រោង​វិនិយោគ​ដែលមាន​ទីតាំង​​ស្ថិតនៅ​ក្រៅតំបន់​សេដ្ឋកិច្ច​​ពិសេស​មានចំនួន ៣២ គម្រោង និង​គម្រោង​វិនិយោគ​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស​មានចំនួន ១១ គម្រោង។

វិស័យ​ចំនួន ៣ ទទួលបាន​ទុនវិនិយោគ​ច្រើនជាងគេ ក្នុងនោះ​វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ទទួលបាន​ទុនវិនិយោគ​ចំនួន ៤៨០ លានដុល្លារ វិស័យ​ឧស្សាហកម្ម​ទទួលបាន​ទុនវិនិយោគ​​ចំនួន ៣៨៩ ៦៥២ ២៤៥ ដុល្លារ និង វិស័យ​ទេសចរណ៍​ទទួលបាន​ទុនវិនិយោគ​ចំនួន ៧០ លាន​ដុល្លារ។

សម្រាប់​ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រទេស​វៀតណាម​ស្ថិតនៅ​លំដាប់​លេខរៀង​ទី១ ដោយបាន​រួមចំណែក ៥១,០៨% នៃទុនវិនិយោគ​សរុប ​ចិនលេខ២ (២៤,២៦%) កម្ពុជាលេខ៣ (១៤,៤៩%) សិង្ហបុរីលេខ៤ (៣,៥%) ថៃលេខ៥ (២,៨២%) កាណាដាលេខ៦ (១,២៧%) អង់គ្លេសលេខ៧ (០,៧១%) សហរដ្ឋអាម៉េរិកលេខ៨ (០,៦៦%) កោះ Samoa លេខ៩ (០,៦៤%) និង ប្រទេស​មីយ៉ាន់ម៉ា​លេខ១០ (០,៥៧%)។

​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១​​ CDC ​បានបង្ហាញនូវ​សុទិដ្ឋិនិយម​ចំពោះ​កំណើន​វិនិយោគ​អន្តរជាតិ​នៅកម្ពុជា​នឹងមានការ​កើនឡើង​នៅឆ្នាំ២០២៥ ​ខណៈមាន​​ក្រុមហ៊ុន​មួយចំនួន​​នៅប្រទេស​ចិននិង​ប្រទេស​ផ្សេងទៀត​​ចង់រើ​ទីតាំង​មក​កម្ពុជា។

គិតត្រឹម​ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោង​វិនិយោគ​ចំនួន ៣៧៩ គម្រោង​ត្រូវបាន​អនុម័ត​ដោយ CDC ជាមួយ​ទុនវិនិយោគ​សរុប​ជាង ៦ ប៊ីលាន​ដុល្លារ។ កម្ពុជា​រំពឹង​ថា គម្រោង​វិនិយោគ​ចំនួន ៤០០ គម្រោង​នឹងត្រូវបាន​អនុម័ត​ដោយ CDC នៅក្នុង​ឆ្នាំ២០២៤នេះ៕

你可能还喜欢

评论被关闭。

/>