លោកស្រី ជា សិរី ចូលរួមសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាល នៃប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិននៅសាធារណរដ្ឋកូរ៉េ
ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមជាវាគ្មិនក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាល នៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន (SEACEN Centre) លើកទី៦០ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
នៅក្នុងសន្និសីទនេះ លោកស្រី ជា សិរី បានលើកឡើងពីសម្ពាធលើឯករាជ្យភាពរបស់ធនាគារកណ្តាល ក្នុងការអនុវត្ត និងដឹកនាំនយោបាយរូបិយវត្ថុ ជាពិសេសធនាគារកណ្តាលនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយសម្ពាធនេះបានកើតឡើងមកពីមុខព្រួញចំនួនពីរ៖
មុខព្រួញទី១ គឺការទប់ស្កាត់ការកើនឡើងនៃអតិផរណាដ៏ខ្ពស់ ដែលកើតឡើងដោយសារកត្តាអាក់ខានក្នុងការផ្គត់ផ្គង់ក្នុងបរិការណ៍នៃសង្រ្គាម និងជម្លោះភូមិសាស្រ្តនយោបាយ។ ក្នុងមុខព្រួញនេះ ធនាគារកណ្តាលភាគច្រើន ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីកាត់បន្ថយសម្ពាធអតិផរណា។ ជាផលវិបាក វិធានការនេះបានដាក់សម្ពាធបន្ថែមលើកំណើនសេដ្ឋកិច្ចដែលកំពុងតែមានល្បឿនយឺតស្រាប់។
មុខព្រួញទី២ គឺធនាគារកណ្តាលក្នុងប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ ត្រូវបង្ខំចិត្តកែសម្រួលនយោបាយរូបិយវត្ថុ ជាពិសេសអត្រាការប្រាក់គោល ឱ្យស្របតាមជំហរនយោបាយរូបិយវត្ថុរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជាសហរដ្ឋអាម៉េរិក ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បើទោះបីជាអតិផរណានៅប្រទេសទាំងនោះស្ថិតនៅកម្រិតទាបក្តី។ វិធានការសម្រួលនយោបាយរូបិយវត្ថុនេះ នឹងដាក់សម្ពាធលើកិច្ចខំប្រឹងប្រែងដើម្បីជំរុញកំណើន។
ទន្ទឹមនឹងនេះ លោកស្រី ជាសិរី ក៏បានលើកឡើងពីអនុសាសន៍ជាគោលនយោបាយ សម្រាប់ជំរុញកំណើនក្នុងស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន តាមរយៈការលើកកម្ពស់ផលិតភាព ជាពិសេសការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ដូចជាបញ្ញាសិប្បនិម្មិត្ត (AI) និងការប្រែក្លាយទៅជាសេដ្ឋកិច្ចបៃតងជាដើម។
សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិនលើកទី៦០ ឆ្នាំ២០២៤នេះ ផ្តោតលើប្រធានបទសំខាន់ៗ ដែលកើតឡើងជុំវិញពិភពលោក។ សម្រាប់ឆ្នាំ២០២៤នេះ អង្គសន្និសីទបានពិភាក្សាអំពីជោគវាសនានៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០២៥ ខាងមុខ ក៏ដូចជាផលប៉ះពាល់នៃការបែងចែកសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ី ទៅជាតំបន់សេដ្ឋកិច្ចតាមសក្តានុពលផ្សេងៗគ្នា៕
评论被关闭。