ក្រុមហ៊ុន Minebea Mitsumi Inc. នឹងដាក់ឱ្យដំណើរការរោងចក្រថ្មីនៅខេត្តពោធិ៍សាត់ ជាផ្លូវការនៅក្នុងឆ្នាំ២០២៥
នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួប និងពិភាក្សាការងារជាមួយលោក យូស៊ីហ៊ីសា ខៃនូម៉ា (Yoshihisa Kainuma) អគ្គនាយកក្រុមហ៊ុន Minebea Mitsumi Inc. នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក យូស៊ីហ៊ីសា ខៃនូម៉ា បានជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីវឌ្ឍនភាពដ៏ល្អនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្ដើមវិនិយោគដំបូងនៅក្នុងឆ្នាំ២០១១ និងបានពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់រហូតមក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀតនៅក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។
លោកបញ្ជាក់ថា ក្រុមហ៊ុន Minebea ជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និង គ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រនៅក្នុងបណ្តាប្រទេសជាច្រើនលើពិភពលោក។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក ហើយរោងចក្រថ្មីដែលក្រុមហ៊ុនកំពុងដំណើរការសាងសង់នេះ នឹងក្លាយជារោងចក្រទីមួយនៅកម្ពុជា ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ១០០%។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញនៅក្នុងវិស័យឧស្សាហកម្ម។ បន្ថែមពីនេះ កម្ពុជាក៏មានកម្លាំងពលកម្ម ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីសោមនស្សយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ ការណ៍នេះបង្ហាញឱ្យឃើញអំពីការជឿជាក់បន្ថែមទៀតរបស់ក្រុមហ៊ុន ក្នុងការវិនិយោគនៅកម្ពុជា ជាមួយនឹងការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។ សម្ដេចមានជំនឿយ៉ាងមុតមាំថា តាមរយៈភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នឹងជួយទាក់ទាញបណ្តាវិនិយោគិនជប៉ុនកាន់តែច្រើនបន្ថែមទៀត ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ ជាអាទិភាពនៅក្នុងការធានាឱ្យបាននូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់និងពិភពលោក តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយន្តការលើកទឹកចិត្តនានា សម្រាប់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា ជាពិសេសគឺក្រុមហ៊ុនវិនិយោគថ្មីៗ ព្រមទាំងបន្តខិតខំអភិវឌ្ឍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលរួមមាន ការលើកកម្ពស់គុណភាព និងការតភ្ជាប់ផ្លូវដែក ការកសាងផ្លូវថ្នល់ ស្ពាន និង ការកសាងព្រែកជីកហ្វូណនតេជោ ដើម្បីសម្រួលទៅដល់ការតភ្ជាប់វិស័យដឹកជញ្ជូន ក្នុងប្រទេស ក៏ដូចជាក្នុងតំបន់និងពិភពលោក៕
评论被关闭。