សម្ដេច ស ខេង៖ អំពើឆបោកតាមអនឡាញកាន់តែស្មុគស្មាញ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ននិងរួមគ្នាទប់ស្កាត់

អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងបច្ចុប្បន្នជា​ឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ សម្ដេចក្រឡាហោម ស ខេង តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ បានបង្ហាញ​ក្ដីបារម្ភ​ជុំវិញ​អំពើ​ឆបោក​តាមអនឡាញ​ ដែលកាន់តែមាន​ភាពស្មុគស្មាញ ដែលទាមទារឱ្យ​អាជ្ញាធរ ពលរដ្ឋ និង ផ្នែកពាក់ព័ន្ធ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ និងរួមគ្នា​ទប់ស្កាត់​នូវបទល្មើស​ឆបោក​តាមប្រព័ន្ធ​អនឡាញនេះ។

សម្តេច ស ខេង បានលើកឡើង​បែបនេះ នាឱកាស​សម្តេច​អញ្ជើញ​ជា​​អធិបតី​ ក្នុង​ពិធី​​សំណេះ​សំណាល​​និង​ចែក​​ម៉ូតូ​​ដល់​សិស្ស​ប្រឡងជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ និទ្ទេស A ចំនួន ១៣០ នាក់ ក្នុងខេត្ត​បាត់ដំបង នារសៀល​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

សម្តេច ស ខេង បានថ្លែងថា តាមរយៈ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី១ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់ចេញ​អាទិភាព​គន្លឹះ​ចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ពិសេស​គឺបច្ចេកវិទ្យា​ឌីជីថល សម្រាប់​​ឆ្លើយ​តប​​ទៅ នឹង​​បដិវត្ត​​ឧស្សាហកម្ម​​ទី៤ និង​បរិវត្តកម្ម​ឌីជីថល​​នៃ​សេដ្ឋកិច្ច-​សង្គម​​កម្ពុជា ព្រមទាំង​​តម្រូវ​ការ​​ក្នុង​ការ​លើក​​កម្ពស់​ផលិត​ភាព​​សេដ្ឋកិច្ច ដែល​ជា​គ្រឹះ​និង​​ជា​មធ្យោបាយ​​ដ៏​សំខាន់​​នៃ​ការ​សម្រេចបាន​​ចក្ខុវិស័យ​​កម្ពុជា​​ឆ្នាំ២០៥០។ ជាមួយ​នឹង​​ការ​រីក​ចម្រើន​​នៃ​បច្ចេកវិទ្យា​​ឌីជីថល សកម្មភាព​​ឆបោក​​តាម​ប្រព័ន្ធ​​អនឡាញ​​ក៏​កាន់​តែ​​មាន​លក្ខណៈ​​ស្មុគស្មាញ ប្រទាក់​​ក្រឡា​​នៅ​ជុំ​វិញ​​ពិភពលោក រួមទាំង​​ការកើន​ឡើង​នៃ​ការ​ផ្សព្វផ្សាយ​​ព័ត៌មាន​​ក្លែងក្លាយ​​ជាដើម។

សម្ដេច ស ខេង បាន​សំណូម​ពរ​ឱ្យ​អាជ្ញាធរ ក៏ដូចជា​​គ្រប់ផ្នែក​​ពាក់ព័ន្ធ សិស្សា​​នុសិស្ស​ រួមទាំង​​ប្រជា​ពលរដ្ឋ​​ទាំងអស់​ យកចិត្ត​​ទុកដាក់​​ចូលរួម​​បង្ការ​​ទប់ស្កាត់​​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញនេះ ជៀសវាង​ការខាតបង់​ទ្រព្យសម្បត្តិ​ដោយសារ​ចាញ់បោក​ក្រុមឧក្រិដ្ឋជន​តាមអនឡាញ។

កាលពី​ពេល​ថ្មីៗនេះ ក្រសួង​​មហាផ្ទៃ​​កម្ពុជា​​បាន​​​បង្កើត​​គណៈកម្ម​ការ​ ដើម្បី​បង្កើន​​ការ​​បង្ក្រាប​​បទល្មើស​​តាមប្រព័ន្ធ​​អនឡាញ​ ​នៅ​តាម​បណ្តា​បណ្តា​រាជធានី​-​ខេត្ត​​នៃ​​ប្រទេស​​កម្ពុជា។ គណៈកម្មការ​នេះ​ មាន​ភារកិច្ច​បង្កើន​​ការ​ស្រាវជ្រាវ​​ទីតាំង​​ដែល​មាន​​បទល្មើស​​ឆបោក​​តាម​ប្រព័ន្ធ​​អនឡាញ​​គ្រប់​ប្រភេទ ​និង​គ្រប់​រូបភាព​​ក្នុង​ភូមិសាស្ត្រ​​បណ្តា​​រាជធានី-​ខេត្ត និង​ប្រគល់​​ភារកិច្ច​​ជូន​គណៈ​បញ្ជាការ​​ឯកភាព​​រាជធានី-​ខេត្ត​​ចុះ​បង្ក្រាប​ជាក់​ស្តែង​​តាម​គោលដៅ​ ​ដែល​បាន​​រកឃើញ​​​និង​កំណត់​​ដោយ​​ប្រធាន​គណៈ​កម្មការ និង​អនុវត្ត​​តាម​ច្បាប់​​ចំពោះ​​ជន​ល្មើស៕

你可能还喜欢

评论被关闭。