ក្រសួងសាធារណការបើកវគ្គបណ្តុះបណ្តាលឆ្លើយតប នឹងសកលភាវូបនីយកម្មនិងបច្ចេកវិទ្យាឌីជីថល
ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានធ្វើពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គម ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន” ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
កម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីថា្នក់ជាតិ និង ក្រោមជាតិរបស់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ជាច្រើនរូប។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា នេះគឺជាវគ្គបណ្តុះបណ្តាលកម្រិត២ ដែលមានគោលបំណងជាចម្បង ក្នុងការបញ្ជ្រាបការយល់ដឹង និងបង្កើនសមត្ថភាពបន្ថែមលើបច្ចេកទេស និងគន្លឹះថ្មីសំខាន់ៗ ក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈពង្រឹងការផ្សព្វផ្សាយ ឱ្យមានប្រសិទ្ធភាពនៅលើបណ្តាញសង្គម តាមរយៈបច្ចេកទេសនៃការសរសេរអត្ថបទ ការប្រើប្រាស់រូបភាព ការចុះផ្សាយ និង វិធានការសុវត្ថិភាពបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅ នឹងការវិវឌ្ឍនៃសកលភាវូបនីយកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងសង្គមជូនដល់មន្រ្តីបង្គោលរបស់ក្រសួង ដែលទទួលបន្ទុកលើការងារគ្រប់គ្រងការផ្សព្វផ្សាយនៅតាមបណ្តាអង្គភាពថ្នាក់ជាតិ និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង ២៥ រាធានី-ខេត្ត។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា នេះគឺជាវគ្គបណ្តុះបណ្តាលលើកទី២ របស់ក្រសួង ទៅដល់ជនបង្គោលទទួលបន្ទុកទំនាក់ទំនងសាធារណៈ ដែលវគ្គទី១ បានរៀបចំឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
មន្ត្រីទទួលបន្ទុកទំនាក់ទំនងសាធារណៈនៅក្រសួង ស្ថាប័នរដ្ឋ ត្រូវបានចាត់ទុកថា ជាតួអង្គដ៏សំខានដែលពុំអាចខ្វះបាន ក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ នឹងសាមីក្រសួង ដើម្បីឱ្យប្រជាពលរដ្ឋ និងមហាជនទូទៅបានជ្រាបច្បាស់អំពីសកម្មភាព ដំណើរការ និង វឌ្ឍនភាពរបស់ក្រសួង ជាពិសេសផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការអភិវឌ្ឍនៃវិស័យនីមួយៗ។ ទន្ទឹមនឹងនេះ ការផ្សព្វផ្សាយព័ត៌មានជាក់លាក់ច្បាស់ការរបស់មន្ត្រីទំនាក់ទំនងសាធារណៈ ក៏ជួយឱ្យសាធារណជនទូទៅជៀសផុតពីការភាន់ច្រឡំលើបញ្ហាអ្វីមួយដោយសារតែព័ត៌មានឬដំណឹងក្លែងក្លាយ ដែលកំពុងតែមានការវិវឌ្ឍន៍យ៉ាងលឿននិងស្មុគស្មាញនាពេលបច្ចុប្បន្ននេះ៕
评论被关闭。